ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបន្តប្រឈមសម្ពាធ និងភាពមិនច្បាសលាស់នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ទិន្នផលរតនាគារបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍ថ្មីនៅតំបន់អាស៊ី ក្នុងថ្ងៃអង្គារនេះ ដោយសារក្រុមពាណិជ្ជករបានបង្កើនការប្រុងប្រយ័ត្នចំពោះរយៈពេលដែលអត្រាការប្រាក់អាចនឹងត្រូវបន្តកើនឡើង។

ទិន្នផលរតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានកើនឡើងប្រហែល២,៥ពិន្ទុមូលដ្ឋាន (bps) ក្នុងការជួញដូរដំបូងនៅទីក្រុងតូក្យូដល់៤,៣៦៦ភាគរយ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៧។

ទិន្នផលរតនាគារកើនឡើងនៅពេលដែលតម្លៃសញ្ញាប័ណ្ណធ្លាក់ចុះ។ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើង០,៥ភាគរយ ដោយសារការធ្លាក់ថ្លៃមួយយប់នៃប្រាក់យ៉េន ដែលអាចជាអត្ថប្រយោជន៍មួយសម្រាប់ប្រាក់ចំណេញរបស់អ្នកនាំចេញ។

លើសពីនេះ គេក៏ឃើញមានការនាំមុខជាវិជ្ជមានពីសង្កាត់ Wall Street ផងដែរ ខណៈភាគហ៊ុន S&P 500 បានងើបឡើង០,៧ភាគរយ។ ចំណែក ភាគហ៊ុន S&P 500 futures បានធ្លាក់ថ្លៃប្រហែល០,២ភាគរយនៅក្នុងការជួញដូរដំបូង។

ទិន្នផលមូលបត្រអធិបតេយ្យនៅប្រទេសអូស្ត្រាលី កូរ៉េ នូវែលសេឡង់ និងជប៉ុនបានកើនឡើង នៅថ្ងៃអង្គារនេះ ដោយទិន្នផលរបស់ជប៉ុនរយៈពេល១០ឆ្នាំបានកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៤មកត្រឹម០,៦៦ភាគរយ។

ចំណែកឯ ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង មានការប្រែប្រួល និងងើបឡើងថ្លៃ០,៥ភាគរយនៅពាក់កណ្តាលព្រឹកថ្ងៃអង្គារនេះ។ ភាគហ៊ុនក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់អូស្ត្រាលី BHP Group បានធ្លាក់ថ្លៃ១,៣ភាគរយ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំដ៏ខ្សោយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here