តម្លៃហាងឆេងមាសងើបឡើងវិញផុតពីកម្រិតទាបបំផុតរយៈពេល៥ខែនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងវិញផុតពីកម្រិតទាបរយៈពេល៥ខែ នៅថ្ងៃអង្គារនេះ  ទោះបីជាទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិកហក់ដល់កម្រិតខ្ពស់ជិត១៦ឆ្នាំយ៉ាងណាក្តី។

ចំណែក ក្រុមអ្នកវិនិយោគសម្លឹងឆ្ពោះទៅរង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះសម្រាប់ដឹងតម្រុយអំពីការដំឡើងអត្រាការប្រាក់។

មាស Spot Gold បានរក្សាតម្លៃរបស់ខ្លួននៅត្រឹម១៨៩៤,៩១ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0117 GMT ដោយបានឡើងផុតកម្រិតទាបរយៈពេល៥ខែ ត្រឹម១៨៨៣,៧០ដុល្លារកាលពីសប្តាហ៍មុន។ មាសរបស់សហរដ្ឋអាមេរិកបានងើបឡើងថ្លៃ០,១% ដល់១៩២៣,៩០ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃចន្ទម្សិលមិញនេះ មាសបានងើបឡើងថ្លៃប្រហែល០,៣% ដោយរាយការណ៍ពីវគ្គជួញដូរល្អបំផុតរបស់ខ្លួនក្នុងរយៈពេលជាង២សប្តាហ៍ បន្ទាប់ពីមានការខាតបង់ចំនួន៥វគ្គជាប់ៗគ្នា។

ទិន្នផលនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ដោយសារភាពធន់នៃសេដ្ឋកិច្ចអាមេរិកបានជំរុញឱ្យមានទស្សនៈគិតថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ឱ្យខ្ពស់ជាងនេះបានយូរ។

ចំពោះទស្សនវិស័យស្តីពីអត្រាការប្រាក់ ការអត្ថាធិប្បាយពីប្រធានធនាគារ Fed គឺលោក Jerome Powell នៅថ្ងៃសុក្រនឹងត្រូវបានត្រួតពិនិត្យនៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Jackson Hole រដ្ឋ Wyoming ។

តម្លៃ Spot Silver បានធ្លាក់ចុះ០,២% ដល់២៣,៣០ដុល្លារក្នុងមួយអោន ហើយផ្លាទីនបានងើបឡើងថ្លៃ០,១%ដល់៩០៩,៧២ដុល្លារក្នុងមួយអោន។  Palladium មានស្ថិរភាពនៅតម្លៃ១២៤៥,៥៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here