ដំណឹងល្អៈ ក្រសួងចំនួន២រកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែងនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានរកឃើញ តំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌  នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។

ព័ត៌មាននេះ ជាការផ្សព្វផ្សាយនៅក្នុងពិធី “ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ”ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និងលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃទី១៧   ខែសីហា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃ​ណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

`

លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពា​រធម្មជាតិ និងជាតំណាងអោយក្រុមការងារ បានបង្ហាញថា សមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែររក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការណែនាំរបស់ លោករដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាលទ្ធផល នៅក្នុងចំណោមតំបន់ ការពារធម្មជាតិទាំង៧៣កន្លែ​ងក្រុមការងារបានរកឃើញតំបន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។

សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិ​កភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្ន​ន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (EcoleFrancaise Extreme- Orient)។

ជាក់ស្តែងក្រុមការងារបានរកឃើញ ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។

នៅអាណត្តិទីមួយ នៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែនេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជា ទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥មកម៉្លេះ ដែលជាតំបន់ការពារធម្មជាតិទី១នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here