ហាងឆេងមាសងើបឡើងថ្លៃវិញ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានងើបឡើងពីកម្រិតទាបរយៈពេល៥ខែ នៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិក និងទិន្នផលសញ្ញាប័ណ្ណបានធ្លាក់ថ្លៃបន្តិចពីកម្រិតខ្ពស់ ប៉ុន្តែដុំមាសត្រូវបានកំណត់សម្រាប់ការធ្លាក់ថ្លៃប្រចាំសប្តាហ៍ទី៤ជាប់ៗគ្នា។

តម្លៃមាស Spot Gold បានងើបឡើង ០,២% ដល់១៨៩២,៧០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0141 GMT បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែមីនាកាលពីថ្ងៃព្រហស្បតិ៍។

ចំណែក មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,៤% ដល់១៩២៣,២០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលរតនាគារសហរដ្ឋអាមេរិកគោលរយៈពេល១០ឆ្នាំបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតរបស់ពួកគេ ចាប់តាំងពីខែតុលា ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃ០,៣% ដែលធ្វើឱ្យមាសមានតម្លៃថោកជាងមុនសម្រាប់អ្នកទិញនៅក្រៅប្រទេស។

ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំការថ្លែងសុន្ទរកថាពី លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក(Fed) ស្តីពីទស្សនវិស័យសេដ្ឋកិច្ចនៅថ្ងៃទី២៥ ខែសីហា ខាងមុខ។

SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានអះអាងថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៨% មកនៅត្រឹម៨៨៧,៥០តោន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែមករា ឆ្នាំ២០២០។

តម្លៃ Spot silver បានងើបឡើង០,៨% ដល់២២,៨៦ដុល្លារ ក្នុងមួយអោន ហើយផ្លាទីនបានងើបឡើងថ្លៃ១% ដល់៨៩៨,៤០ដុល្លារក្នុងមួយអោន។ចំណែក Palladium បានងើបឡើង១,១%ដល់១២៣០,៧២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here