ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃ ជុំវិញការព្រួយបារម្ភអំពីសេដ្ឋកិច្ចចិន និងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ

សិង្ហបុរី: យោងតាមសារពត៌មាន Reuters បានបង្ហាញថា ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល៩ខែ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃដល់កំពូល។

ការធ្លាក់ថ្លៃនេះកើតឡើង ស្របពេលមានការភ័យខ្លាចចំពោះបញ្ហាសេដ្ឋកិច្ចនៅប្រទេសចិន និងការព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិកអាចនៅតែបន្តដំឡើងអត្រាការប្រាក់ ដែលបានធ្វើឱ្យអ្នកវិនិយោគមានភាពច្របូកច្របល់។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏បំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃដល់៤៩៥,០៣ពិន្ទុ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការខាតបង់ក្នុងការជួញដូរផ្សារហ៊ុនមានមូលដ្ឋានទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងថ្ងៃព្រហស្បតិ៍នេះ ដោយសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុន និង S&P/ASX 200 របស់អូស្ត្រាលីបានធ្លាក់ថ្លៃចុះអស់១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI 300 របស់ចិនបានធ្លាក់ថ្លៃ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃចុះ១,៧ភាគរយ។

ភាគហ៊ុនរបស់ប្រទេសចិនបានស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈទិន្នន័យជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញ ភាពរអាក់រអួលនៃដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចចិន ដោយគិតរហូតមកទល់ពេលនេះ អ្នកវិនិយោគមិនមានការចាប់អារម្មណ៍ចំពោះចំណាត់ការរបស់អ្នកបង្កើតគោលនយោបាយឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here