ក្រុមហ៊ុនសុខាអូតែលសម្រេចបានការវិនិយោគ និងបើកដំណើរការគម្រោងអចលនទ្រព្យជោគជ័យបំផុតចំនួន៣ នៅលើភ្នំបូកគោ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក សាយ សុភ្រ័តា បានមានប្រសាសន៍ថា កាលពីដើមឡើយ ភ្នំបូកគោមានប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមចាប់តាំងពីសម័យជំនាន់អាណានិគមនិយមបារាំង និងរជ្ជកាលព្រះបាទសម្តេចនរោត្តមសីហនុមកម្ល៉េះ ហើយព្រមទាំងមានឈ្មោះជា City Bokor ផងដែរ។

លោកបានបន្តថា ជាក់ស្តែង ក្រុមហ៊ុន Sokimex investment group ឬសុខាអូតែល បានបោះទុនវិនិយោគ នៅលើភ្នំបូកគោ ចាប់តាំងពីឆ្នាំ២០០០ជាង ដែលបានសាងសង់អូតែលនៅលើភ្នំបូកគោ កន្លែងដើរលេងជាលក្ខណៈធម្មជាតិ កន្លែងសាសនាជំនឿជាក់ទៅលើការបន់ស្រន់សម្រាប់អ្នកដែលមានទុក្ខកង្វល់ផ្លូវចិត្ត ឬផ្លូវកាយ និងទីតាំងស័ក្តសិទ្ធ ដូចជា រូបសំណាកលោកយាយម៉ៅ វត្តសំពៅប្រាំ អ្នកតាភ្នំ ទ្វារមេឃ និងកន្លែងសក្ការៈផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស អាកាសធាតុនៅភ្នំបូកគោក៏ត្រូវបានគេជឿជាក់ថា អាចព្យាបាលផ្លូវដង្ហើមបានផងដែរ ដែលនេះជាការលើកឡើងជាប្រវត្តិសាស្ត្រមួយពីវេជ្ជបណ្ឌិតបារាំង។

លោក សាយ សុភ្រ័តា បានបញ្ជាក់ថា ជាពិសេសបំផុត បច្ចុប្បន្ននេះ យើងមានផ្លូវខ្វាត់ខ្វែង ដែលយើងអាចធ្វើដំណើរពីផ្លូវលេខ៣ ផ្លូវលេខ៤ និងផ្លូវល្បឿនលឿន ដើម្បីអាចឡើងភ្នំបូកគោបាន ហើយផ្លូវចុះពីភ្នំទៅកាន់ផ្លូវលេខ៤ក៏បានឈូសឆាយថែមទៀត។ លើសពីនេះ យើងបានវិនិយោគទៅលើរេសូវ័រទឹកដើម្បីឱ្យមានទឹកគ្រប់គ្រាន់ ដោយទឹកបច្ចុប្បន្ននេះ គឺជាទឹកភ្លៀងល្អបំផុត ដែលធ្លាក់នៅលើភ្នំ តាមបែបធម្មជាតិ មិនសូវមានជាតិគីមី និងមិនប៉ះពាល់ដល់ស្រទាប់បរិស្ថាន។

លោកបានឱ្យដឹងទៀតថា ពិសេសម្យ៉ាងទៀត ក្រុមហ៊ុនសុខាអូតែលបានវិនិយោគលើអចលនទ្រព្យប្រកបដោយភាពជោគជ័យបំផុតចាប់តាំងពីឆ្នាំ២០១៩មក ហើយគិតរហូតមកទល់ពេលនេះ យើងបានបើកដំណើរការគម្រោងចំនួន៣ហើយ។ លក្ខណៈជាពិសេសនោះគឺ ជនបរទេសណា ដែលមិនមានសញ្ជាតិខ្មែរក៏អាចវិនិយោគ ជួលបន្ត ទិញដី ទិញផ្ទះ ឬក្លាយជា Title Owner នៅភ្នំបូកគោបានផងដែរ។

លោកលើកឡើងថា ទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុកអាចក្លាយជាម្ចាស់ដី ដើម្បីបោះទុនវិនិយោគ ក្នុងរយៈពេលយូរអង្វែង ដូចជា SME ការវិនិយោគធំៗ រីស៉ត សិប្បកម្មតូចៗ ដូចជាការចិញ្ចឹមមាន់យកស៊ុតជាដើម ថាមពលសូឡា និងការដាំដុះបន្លែ តែ ឬរុក្ខជាតិផ្សេងៗទៀត។

លោកបន្ថែមថា តម្រុយដែលយើងចង់បញ្ជាក់ខាងលើនេះ គឺយើងចង់ឱ្យជនបរទេសដឹងថា ពួកគេអាចទិញផ្ទះ ទិញដី សម្រាប់វិនិយោគ ដោយមិនចាំបាច់មានសញ្ជាតិខ្មែរក៏បាន ប៉ុន្តែយើងមិនចង់បញ្ជាក់បែបនេះទេ ដែលអាចជះផលប៉ះពាល់ដល់មនុស្សមួយចំនួន  ព្រោះអ្នកគិតអវិជ្ជមានអាចគិតថា យើងលក់ដី ឬលក់ផ្ទះទៅឱ្យបរទេស ហេតុដូច្នេះហើយ គំនិតរបស់ប្រធានក្រុមហ៊ុនយើង គឺចង់បញ្ជាក់ថា ជនបរទេសណាដែលមិនមានសញ្ជាតិខ្មែរក៏អាចទិញដី ឬទិញផ្ទះនៅលើភ្នំបូកគោសម្រាប់វិនិយោគបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here