និយ័តករកម្ពុជា និងឡាវ ចុះ MoU ធ្វើសហប្រតិបត្តិការដើម្បី ជំរុញកំណើនទីផ្សារមូលធន

ដោយៈ តែម សុខុម

វៀងចន្ទន៍: និយ័តករមូលបត្រកម្ពុជា (SERC) និងការិយាល័យគណៈកម្មការមូលបត្រឡាវ (LSCO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីសប្តាហ៍មុនដើម្បីបង្កើនកិច្ចសហប្រតិ​បត្តិការ នៅក្នុងការអភិវឌ្ឍទីផ្សារមូលធននៃប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ សីហា ឱ្យដឹងថា MoU នេះបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកកំណើន នៃទីផ្សារមូលបត្រក្នុងប្រទេសឡាវ និងកម្ពុជា ដែលនៅតែមានភាពរីកចម្រើន បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់។

លោកស្រី Fongchinada Sengsourivong អគ្គលេខាធិការនៃការិយាល័យគណៈកម្មការមូលបត្រឡាវ (LSCO) បានគូសបញ្ជាក់ពីតួនាទីរបស់ពួកគេ នៅក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ ក្នុងប្រទេសឡាវ តាមរយៈការដាក់ចេញគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនានាដែលស្របតាមឧត្ដមានុវត្តន៍អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការ ជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) នឹងផ្តល់នូវឱកាសរីកចម្រើន ទៅវិញទៅមកតាមរយៈការចែករំលែកព័ត៌មាន និងជំនួយបច្ចេកទេស។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) មានប្រសាសន៍ថា ភាពជាដៃគូនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ។

លោកបានបញ្ជាក់អំពី អត្ថប្រយោជន៍រយៈពេលវែង នៃកិច្ចសហប្រតិបត្តិការនេះ ដែលជំរុញការជឿទុកចិត្ត និងសាមគ្គីភាពរវាងក្រុមនិយ័តករ ខណៈនិយ័តករមូលបត្រកម្ពុជា (SERC) បានចូលរួមយ៉ាងសកម្មជាមួយក្របខណ្ឌតំបន់ ដូចជា ទីផ្សារមូលធនក្នុងតំបន់ទន្លេមេគង្គ (Mekong Capital Market) និងវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN-Capital Market Forum) ជាដើម៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here