ផ្សារហ៊ុននៅតំបន់អាស៊ីបានជាប់គាំងទ្រឹងនៅថ្ងៃអង្គារនេះ ខណៈដែលប្រទេសចិនកាត់បន្ថយអត្រាការប្រាក់

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានជាប់គាំងទ្រឹងនៅថ្ងៃអង្គារនេះ ខណៈប្រទេសចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីរយៈពេលខ្លី និងអត្រាប្តូរប្រាក់ឡើងវិញ ដោយអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យទិញទំនិញ និងទិន្នផលឧស្សាហកម្មសម្រាប់ព័ត៌មានបន្ថែមអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។

ផ្ទុយទៅវិញ ប្រទេសជប៉ុនគឺជាករណីលើកលែងដ៏សំខាន់ចំពោះការធ្លាក់ចុះនេះ ដោយភាគហ៊ុនបានងើបឡើងថ្លៃដោយសារទិន្នន័យកំណើនសេដ្ឋកិច្ចកើនខ្លាំងជាងការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ធៀបលើរូបិយប័ណ្ណអាស៊ីនានា ដោយសារការកើនឡើងនៃទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិក និងការភ័យខ្លាចអំពីវិសាលភាពនៃវិបត្តិនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន។

សន្ទស្សន៍​ភាគហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក​ធំ​បំផុត​របស់ក្រុមហ៊ុន MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ថ្លៃចុះ០,២ភាគរយ ខណៈតម្លៃប្រាក់យ៉េនបានធ្លាក់ដល់កម្រិតទាបរយៈពេល៩ខែ ពោលគឺ១៤៥,៦០យ៉េនក្នុងមួយដុល្លារ។

ភាគហ៊ុន The Nasdaq បានងើបឡើង១ភាគរយ ហើយភាគហ៊ុន Nasdaq 100 futures បានងើបឡើងថ្លៃ០,២ភាគរយនៅក្នុងវគ្គជួញដូរនៅអាស៊ី។ ភាគហ៊ុន S&P 500 បានងើបឡើង០,៦ភាគរយពេញមួយយប់ ហើយ S&P 500 futuresបានងើបឡើងថ្លៃ០,១ភាគរយនៅអាស៊ី។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើង០,៦ភាគរយ បន្ទាប់ពីទិន្នន័យបានបង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២របស់ប្រទេសនេះបានកើនឡើងខ្លាំងជាងការព្យាករ ដែលត្រូវបានជំរុញដោយវិស័យទេសចរណ៍ និងការនាំចេញរថយន្ត។

លោក John Vail ប្រធានក្រុមអ្នកយុទ្ធសាស្រ្តសកលនៅក្រុមហ៊ុន Nikko Asset Management ក្នុងទីក្រុងតូក្យូ បានលើកឡើងថា “ដំណឹងនៃការនាំចេញពិតជាគួរឱ្យចាប់អារម្មណ៍ និងជាសញ្ញាល្អសម្រាប់ការបន្តភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ប្រទេសជប៉ុន ទោះបីជាលោកបានព្រមានថា សូចនាករការប្រើប្រាស់ក្នុងស្រុកមានភាពទន់ខ្សោយយ៉ាងណាក្តី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here