ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគកំពុងមានការប្រុងប្រយ័ត្នជាពិសេសចំពោះរបាយការណ៍អតិផរណាដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលអាចនឹងមានឥទ្ធិពលលើផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។
លើសពីនេះការប្រកាសហាមប្រាមរបស់សហរដ្ឋអាមេរិក ក្នុងការវិនិយោគលើបច្ចេកវិទ្យារសើបៗនៅក្នុងប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់ពិភពលោកក៏បាននាំឱ្យមានក្តីបារម្ភផងដែរ។ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៣៣% ហើយអាចនឹងខាតបង់ក្នុងសប្តាហ៍ទី២ជាប់ៗគ្នា។
សន្ទស្សន៍ Blue-chip CSI 300 របស់ចិន និងសន្ទស្សន៍ Shanghai Composite បានធ្លាក់ថ្លៃ០,១ភាគរយ ខណៈដែលសន្ទស្សន៍ Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,៦ភាគរយ។ទោះជាយ៉ាងណាក្តី ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៣ភាគរយ។
ទិន្នផលនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំបានកើនឡើង១,១ពិន្ទុមូលដ្ឋានមកនៅ៤,០១៩ភាគរយក្នុងម៉ោងអាស៊ី ខណៈដែលទិន្នផលនៅលើប័ណ្ណរតនាគាររយៈពេល៣០ឆ្នាំស្ថិតនៅអត្រា៤,១៨៦ភាគរយ។
នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូចំនួន៦ ដូចជាលុយអឺរ៉ូ និងលុយយ៉េន បានប្រែប្រួលតិចតួចមកនៅត្រឹម១០២,៥០ពិន្ទុ នៅពេលព្រឹកអាស៊ី។ ចំណែក ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃ០,០៤ភាគរយដល់១,០៩៦ដុល្លារក្នុង១អឺរ៉ូ។
ប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,០៤ភាគរយ មកនៅត្រឹម១៤៣,៨០យ៉េន ក្នុងមួយដុល្លារ ខណៈដែលប្រាក់ sterling របស់អង់គ្លេសបានធ្លាក់ថ្លៃ០,០៣ភាគរយ៕