តើកត្តាអ្វីខ្លះដែលធ្វើឱ្យលុយគីប របស់ឡាវ ជាប់ចំណាត់ថ្នាក់ជារូបិយប័ណ្ណថោកបំផុតមួយទូទាំងពិភពលោក?

តែម សុខុម

វៀងចន្ទន៍: រូបិយប័ណ្ណគីប (Kip) របស់ឡាវ ត្រូវបាន Business News Asia ដែលជាគេហទំព័រអន្តរជាតិផ្តល់ព័ត៌មានធុរកិច្ច និងហិរញ្ញវត្ថុព្រមទាំងផ្ដល់ការវិភាគលើស្ថានភាពក្រុមហ៊ុន ឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ចាត់ទុកជារូបិយប័ណ្ណដែលមានតម្លៃថោកបំផុតមួយនៅទូទាំងពិភពលោក។

ការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃរូបិយប័ណ្ណគីប ជាចម្បងគឺដោយសារសេដ្ឋកិច្ចឡាវ ដាំក្បាលចុះខ្លាំង និងការពឹងផ្អែកខ្លាំងរបស់ប្រទេសនេះលើទំនិញនាំចូលជាជាងការបង្កើនសមត្ថភាពផលិតក្នុងស្រុក ដែលជាលទ្ធផលធ្វើឱ្យប្រទេសនេះយកទុនបម្រុងអន្តរជាតិរបស់ខ្លួនមកប្រស្ទើរតែអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រួមជាមួយរូបិយប័ណ្ណផ្សេងៗទៀតដូចជាលុយដុង (Dong) របស់វៀតណាម លុយសូម (Som) របស់ប្រទេសអ៊ូសបេគីស្ថាន ជាដើម លុយគីប (Kip) របស់ឡាវ ត្រូវបានដាក់ចំណាត់ថ្នាក់ជារូបិយប័ណ្ណដែលបច្ចុប្បន្នមានតម្លៃថោកខ្លាំងនៅទូទាំងពិភពលោកដោយសារហេតុផលផ្សេងៗដូចខាងក្រោម៖

នៅក្នុងអត្ថបទដែលបានចេញផ្សាយកាលពីដើមខែនេះគូសបញ្ជាក់ថា ឡាវ ក្នុងនាមជាប្រទេសតូចមួយមានពិពិធកម្មសេដ្ឋកិច្ចតិចតួចណាស់ ហើយចំណុចនេះដើរតួយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យរូបិយប័ណ្ណជាតិធ្លាក់ថ្លៃ ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ។

ទន្ទឹមនេះប្រទេសឡាវ ក៏ពឹងផ្អែកខ្លាំងលើការនាំចេញទំនិញកសិកម្ម និងពីជនជាតិឡាវ ដែលធ្វើការនៅក្រៅប្រទេសផងដែរ។ ប្រសិនបើតម្លៃទំនិញធ្លាក់ចុះ ប្រទេសឡាវ នឹងរកចំណូលបានតិចជាងមុនពីការនាំចេញ។ ដូចគ្នានេះដែរ ប្រសិនបើពលរដ្ឋឡាវ ដែលធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកស្រុកតិចជាងមុន លុយគីប នឹងធ្លាក់ថ្លៃទៅតាមនោះដែរ។

ការធ្លាក់ថ្លៃនៃលុយគីប ក៏អាចបណ្ដាលមកពីឱនភាពពាណិជ្ជកម្មយូរអង្វែង និងអតុល្យភាពគណនីចរន្តផងដែរ។បន្ថែមពីនេះ សារព័ត៌មាន Business News Asia បានលើកឡើងថា ប្រសិនបើគ្មានចំណាត់ការធ្វើឱ្យលុបគីប ឡើងថ្លៃវិញទេនោះ វាអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសឡាវ ហើយទីបំផុតប៉ះពាល់ដល់ការវិនិយោគបរទេស និងសក្ដានុពលពាណិជ្ជកម្ម។

ដើម្បីបង្កើនការផ្គត់ផ្គង់រូបិយប័ណ្ណបរទេស និងតម្រូវការលុយគីប របស់ឡាវ នាយករដ្ឋមន្ត្រីឡាវ បានចេញសារាចរណ៍ណែនាំឱ្យធនាគារកណ្ដាលឡាវ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ធ្វើយ៉ាងណាធានាបាននូវអត្រាប្តូរប្រាក់បរទេសដែលទទួលបានតាមរយៈការនាំចេញ និងការវិនិយោគបរទេសចូលមកក្នុងប្រទេសឡាវ តាមរយៈប្រព័ន្ធធនាគាររបស់ខ្លួនក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតដើម្បីពង្រឹងរូបិយប័ណ្ណជាតិ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here