តើឧស្សាហកម្មធនាគារនៅកម្ពុជាអាចប្រឈមមុខនឹងការកើនឡើង នូវហានិភ័យឬយ៉ាងណា?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ឧស្សាហកម្មធនាគារកម្ពុជា អាចប្រឈមមុខនឹងការកើនឡើងហានិភ័យជាប្រព័ន្ធ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនាពេលខាងមុខ និងការកើនឡើងនៃប្រាក់កម្ចី មិនដំណើរការ (NPLs)។

សូចនាករសំខាន់ៗដូចជា ឥណទានសរុប  ឥណទានមិនមែនហិរញ្ញវត្ថុ  និងឥណទានក្នុងស្រុកផ្តល់ដល់វិស័យឯកជន  មានអត្រានៅត្រឹម១៩៥ភាគរយ ១៨៨ភាគរយ និង១៧៧ភាគរយ រៀងៗគ្នា គិតត្រឹមដំណាច់ឆ្នាំ២០២២។

តួលេខទាំងនេះ ត្រូវបានប្រើជាញឹកញាប់ ដើម្បីជជែកវែកញែកថា វិស័យឯកជនរបស់កម្ពុជា ជំពាក់បំណុលច្រើនលើសកម្រិត ដែលនាំអោយមានការព្រួយបារម្ភ អំពីឧស្សាហកម្មធនាគារក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលបត្រ Yuanta Securities​ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​ដែលមាន​ឈ្មោះថា​ “បច្ចុប្បន្នភាព​ឧស្សា​ហកម្ម​ធនាគារ​កម្ពុ​ជា​” ខែសីហា ឆ្នាំ​ ២០២៣ ដែល​ចងក្រង​ដោយ​នាយក​ក្រុមហ៊ុន Yuanta Securities លោក ស៊ីម តារា  បានឱ្យដឹងថា ដោយ​ប្រើប្រាស់​សមាមាត្រ​ទាំងនេះ ​ដើម្បី​វាយតម្លៃ​បំណុល​សរុប​របស់​វិស័យ​ឯកជន​នៅក្នុង​សេដ្ឋកិច្ច ​ហើយ​ការ​ធ្វើការ​ប្រៀបធៀប​ដោយផ្ទាល់​ ជាមួយ​ប្រទេស​ផ្សេងទៀត ​តម្រូវឱ្យមាន​ការកែ​​តម្រូវ​សំខាន់ៗ​មួយចំនួន ដូចជា ចំនួន​ឥណទាន​សម្រាប់​វិស័យ​ឯកជន និង​តួលេខGDP។លោក​ពន្យល់ថា “អនុ​បាត​ដែល​បាន​រៀបរាប់​ខាងលើ ​គឺ​មិនមាន​ប្រសិទ្ធភាព ​ក្នុង​គោលបំណង​វាយតម្លៃ ​កម្រិត​បំណុល​របស់​វិស័យ​ឯកជន​នោះទេ​”។

លោកស៊ីម តារា បានបញ្ជាក់​ក្នុង​របាយ​ការណ៍​នោះថា​ “យើង​ជឿជាក់ថា​ កម្រិត​បំណុល​របស់​វិស័យ​ឯកជន ​ទាក់ទង​ទៅនឹងGDP ជាពិសេស​សម្រាប់​បណ្ដា​ប្រទេស​នានា ដូចជា ​កម្ពុជា ទំនងជា​ត្រូវបាន​ប៉ាន់ប្រមាណ​លើស​កម្រិត​ ដោយ​​សារ​តែ​សេដ្ឋកិច្ច​ក្រៅផ្លូវការ​កាន់តែ​ធំ​របស់​ប្រទេស​នេះ និង​ការចំណាយ​លើ​ទំនិញ ប្រើប្រាស់​ចុងក្រោយ​របស់​រដ្ឋា​ភិ​បាល កាន់តែ​តិច​បំផុត​។

លោកបន្តទៀតថា កត្តាទាំងនេះ​អាចធ្វើឱ្យ GDP របស់​កម្ពុជា​មើលទៅ​តូច​ជាង ​បណ្ដា​ប្រទេស​ដទៃទៀត។ ហេតុ​ដូច្នេះហើយ ទើប​ធ្វើឱ្យ​អនុ​បាត​របស់​ប្រទេស​កម្ពុជា មើលទៅ​កាន់តែ​ធំ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃទៀត​។

លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CPBank) បានមានប្រសាសន៍ថា របាយការណ៍​នេះ ​គឺ​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​នៃ​ឧស្សាហ​កម្មនេះ។

ទោះបីយ៉ាងណា លោក​អះអាងថា អនុ​បាត​ប្រាក់កម្ចី​បច្ចុប្បន្ន​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប មិនបាន​ផ្តល់នូវ​សញ្ញា​អាក្រក់​ណាមួយ​ ដែល​នាំ​ដល់​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នោះ​នៅឡើយ​ទេ​។

លោកបានបន្ថែមថា “ពេលនេះ​យើង​មិនបានមើលឃើញ​សញ្ញា​អវិជ្ជមាន​ណាមួយ​ជះ​ឥទ្ធិ​ពល​ ទៅលើឧស្សាហកម្ម​នេះ​នៅឡើយ​ទេ​”។លោកបន្ថែមថា “ប៉ុន្តែខ្ញុំ​ក៏មិន​បដិសេធថា យើង​នឹងមិន​ប្រឈម​បញ្ហា​អាក្រក់​ណាមួយ​ បើសិន​យើង​គ្រប់គ្រង​មិនបាន​ល្អ ​លើ​អត្រាកំណើន​ប្រាក់កម្ចី​ធៀប​នឹង​GDPផងដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ាហួត អៀងតុងអតីតប្រធានសមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបច្ចុប្បន្នជាប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទោះបីជាកម្រិតឥណទានសងត្រលប់យឺត ប៉ុន្តែមិនទាន់មានសញ្ញាហានិភ័យណាមួយ ដែលធ្វើឲ្យមានវិបត្តិក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជានោះទេ។

លោកបន្តថា “សុខភាពរបស់ធនាគារហត្ថា ក៏ដូចជាក្នុងវិស័យទាំងមូលនៅមានភាពល្អប្រសើរ ហើយយើងកំពុងដាក់ចេញយុទ្ឋសាស្រ្តថ្មីៗ ដើម្បីជម្រុញភាពវិជ្ជមានសម្រាប់វិស័យនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here