ក្រសួងសាធារណៈការនឹងសាកល្បងប្រើប្រាស់មុខងារ ត្រួតពិនិត្យគុណភាពផ្លូវថ្នល់រយៈពេល៦ខែ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន​នឹង​សាកល្បង​ប្រើប្រាស់​មុខងារ​ ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​ (​ROAD​ ​CARE​ ​Supervision​) ​រយៈពេល​៦​ខែ​ចាប់ពី​ខែ​សីហា​នេះ​តទៅ​។

យន្តការនេះធ្វើឡើង ​ដើម្បី​ជួយ​ពង្រឹង​បន្ថែម​លើ​យន្ត​ការ ដែល​មានស្រាប់​ និង​ធានា​ដល់​ការ​គ្រប់គ្រង​ការ​អនុវត្ត ​ការងារ​ត្រួតពិនិត្យ ​គុណភាព​បច្ចេកទេស​ជួសជុល​ ​ថែទាំ​ ​និង​សាងសង់​ផ្លូវថ្នល់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព ​និង​តម្លា​ភាព ​ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​

លោក​ ​ហ៊ា​ង​ សុទ្ធា​យុត្តិ​ ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ​បាន​មានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុន​ថា​ ​ពីមុន​ការ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ថ្នល់ ​ត្រូវ​បាន​កត់ត្រា​នៅ​លើ​ក្រដាស ​ដែល​ធ្វើ​ឱ្យ​ទិន្នន័យ​នៅ​បែក​ខ្ញែក​ពី​គ្នា​ ​ប៉ុន្តែ​ប្រសិនបើ​ការសាកល្បង​ប្រើប្រាស់​មុខងារ​ ត្រួត​ពិនិត្យ​គុណភាព​ផ្លូវថ្នល់​ រយៈពេល​៦​ខែ​ទទួល​ជោគជ័យ​ ​នោះ​ការ​កត់ត្រា​គុណភាព​ផ្លូវថ្នល់​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​អនុវត្ត​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់​ថា​ ​ទស្សនវិស័យ​របស់​​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​ការ​កត់ត្រា ​ទិន្នន័យ​ផ្លូវថ្នល់​ ​ជាពិសេស​ការ​ត្រួត​ពិនិត្យ​គុណភាព​ នៅ​ក្នុង​ប្រព័ន្ធ​តែមួយ​ ​ដើម្បី​ងាយ​ស្រួល​តាមដាន​និង​វាយ​តម្លៃ​ ​លើ​គុណភាព​ផ្លូវ​បាន​ឆាប់រហ័ស​និង​ចំ​គោលដៅ​។​

លោកហ៊ាង សុទ្ឋាយុត្តិ​បាន​បន្ត​ថា​ ​ការងារ​នេះ​ ​គឺ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​​​ក្រសួងសាធារណការ ​និង​ដឹក​ជញ្ជូន​ ​ជា​អ្នកដឹកនាំ​ក្រុម​វិស្វករ​ផ្លូវថ្នល់​ ដើម្បី​រចនា​គំរូ​ផ្លូវថ្នល់​ ​ព្រម​ទាំង​ចុះ​ត្រួត​ពិនិត្យ​ ​និង​ផ្ទៀងផ្ទាត់​គុណភាព​ការ​សាង​ផ្លូវថ្នល់​។​ ​ក្រុម​ការងារ​នេះ​នឹង​ត្រូវ​ចុះ​អនុវត្ត​គម្រោង​មួយ​ចំនួន​សិន​។​

លោក​បន្ថែម​ថា​ ​មានផ្លូវ​ចំនួន​៦​នៅ​ជាយ​ក្រុងភ្នំពេញ​ សម្រាប់​ការ​អនុវត្ត​ការសាកល្បង​ ប្រើប្រាស់​មុខងារ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវថ្នល់​រយៈពេល​៦​ខែ​ ​ហើយ​ផ្លូវ​ទាំង​៦​នេះ ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​ដោ​យ​​សម្ងាត់​ ​ដែល​មិន​អាច​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ ​និង​ទីតាំង​ជាក់​លាស់​របស់​ផ្លូវ​ទាំងនោះ​បាន​ឡើយ​។​

លោក​បាន​និយាយ​ថា​ “​សាកល្បង​ប្រើប្រាស់​មុខងារ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវថ្នល់​ អាច​វាយ​តម្លៃ​បាន​ភ្លាមៗ ​ទាំង​វឌ្ឍនភាព ​និង​គុណភាព​របស់​វា​ស្ថិត​ក្នុង​ក​ម្រិ​ត​ណា​ ​ព្រោះ​មុន​ពេល​ការ​ចុះ​ធ្វើ​តេ​ស្ដ​ ​គឺ​យើង​បាន​កំណត់​ស្ដង់​ដា​រួចរាល់​ហើយ​។​លោកបន្ថែមថា “​ស្ដង់​ដា​របស់​វា​ ​គឺ​មាន​ជាប់​ ​ហើយនិង​ធ្លាក់”។​

លោកហ៊ាង សុទ្ឋាយុត្តបាន​បញ្ជាក់​ថា ​ប្រសិនបើ​យើង​តេ​ស្ដ​វា​ធ្លាក់​ ​គឺ​ទាមទារ​ឱ្យ​មានការ​ជួសជុល​ ​ទាមទារ​ឱ្យ​មានការ​កែ​តម្រូវ​ ​រហូត​​ទាល់តែ​យើង​តេ​ស្ដ​វា​ជាប់ ​ទើប​យើង​ឈាន​ទៅ​រក​ការ​វាយ​តម្លៃ​គម្រោង​សាង​សាង​ផ្លូវ​នេះ​ត្រូវ​បាន​បញ្ចប់​។​

គណៈកម្មការ​គ្រប់គ្រង ​ការ​អនុវត្ត​កម្មវិធី​ថែទាំ​ផ្លូវ​ថ្នល់​របស់​អគ្គ​នាយដ្ឋាន​បច្ចេកវិទ្យា ​និង​ទំនាក់ទំនង​សាធារណៈ​ ​កាល​ពី​ថ្ងៃសុក្រ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ អំពី​ការ​ប្រើប្រាស់​មុខងារ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវថ្នល់ ​ដល់​មន្ត្រី​ជំនាញ​បច្ចេកទេស​ផ្លូវថ្នល់​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​មុខងារ ​មុន​ពេល​ចាប់ផ្តើម​អនុវត្តន៍​ការប្រើប្រាស់​សាកល្បង​ ក្នុងរយៈពេល​៦​ខែ​ ​លើ​គម្រោង​ជួសជុល​និង​សាងសង់​ផ្លូវថ្នល់​ជាក់ស្ដែង​។​

​គណៈកម្មការ​គ្រប់គ្រង​ការ​អនុវត្ត​កម្មវិធី​ថែទាំ​ផ្លូវ​ថ្នល់​ ​បានអះអា​ង​ថា​ ​គម្រោង​ជួសជុល ​និង​សាងសង់​ផ្លូវ​ថ្នល់​កាន់តែ​មាន​ប្រសិទ្ធ​ភាព​និង​តម្លា​ភាព​ តាមរយៈ​ការ​ប្រើប្រាស់​មុខងារ​ ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​។​

មុខងារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​នេះ ​សម្រាប់​បម្រើ​ក្នុង​វិ​ស័ ​យ​​ការងារ​សាធារណការ ​របស់​​​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ក្រោម​កិច្ច​សហការ​របស់​អគ្គនាយកដ្ឋាន​ទាំង​៣​ ​គឺ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ ​អគ្គនាយកដ្ឋាន​សាធារណការ​ ​និង​អគ្គ​នាយដ្ឋាន​បច្ចេកវិទ្យា​និង​ទំនាក់ទំនង​សាធារណៈ​ ​ព្រម​ទាំង​ជា​សមាជិក​របស់​គណៈកម្មការ​គ្រប់គ្រង​ការ​អនុវត្ត​កម្មវិធី​ថែទាំ​ផ្លូវថ្នល់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here