ការនាំចេញអង្កររបស់ប្រទេសថៃ កំពុងទទួលផលចំណេញ ពីបម្រាមនាំចេញអង្កររបស់ឥណ្ឌា

ដោយៈ តែម សុខុម

បាងកក: ប្រទេសថៃ ពេលនេះកំពុងទទួលផលចំណេញពីបម្រាមនាំចេញអង្កររបស់ប្រទេសឥណ្ឌា ហើយខ្លួនគ្មានហេតុផលណា ដែលត្រូវបញ្ឈប់ការនាំចេញគ្រាប់ធញ្ញជាតិនេះ ដោយខ្លួនឯងឡើយ។ នេះបើយោងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី៧ សីហា។

រដ្ឋមន្ត្រី ជូរិន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលថៃ នឹងធានាផ្ដល់ទិន្នផលស្រូវអង្ករគ្រប់គ្រាន់ ​សម្រាប់បំពេញតម្រូវការក្នុងស្រុក និងការនាំចេញ ហើយក៏ត្រូវធ្វើឱ្យប្រាកដដែរថា តម្លៃអង្ករក្នុងស្រុកមិនហក់ឡើងខ្ពស់ពេក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគូសបញ្ជាក់ថា ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ប្រទេសថៃ បាននាំចេញអង្ករចំនួន៤,៨លានតោន ហើយថាការនាំចេញអង្ករប្រចាំខែគឺស្ថិតក្នុងចន្លោះពី៧០០.០០០តោន ទៅ៨០០.០០០តោន។

លោក ចារឿន ឡាវថាម៉ាតាស (Charoen Laothamatas) ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានថ្លែងថា ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ត្រូវបានរំពឹងថា នឹងនាំចេញអង្ករជាង៨លានតោន ក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងពី៧,៧១លានតោនកាលពីឆ្នាំមុន។

ប្រភព២នៅក្នុងវិស័យពាណិជ្ជកម្ម បានទម្លាយឱ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននាំចេញអង្ករមួយចំនួន នៅក្នុងប្រទេសថៃ និងវៀតណាម កំពុងចរចាតម្លៃឡើងវិញ លើកិច្ចសន្យាទិញលក់អង្ករប្រមាណកន្លះលានតោន សម្រាប់ការនាំចេញខែសីហា បន្ទាប់ពីឥណ្ឌា ធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើល តាមរយៈការដាក់ចេញបម្រាមនាំចេញអង្ករ ដោយសារខ្លាចខ្វះអង្ករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here