ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃវិញ ហើយអ្នកវិនិយោគកំពុងរង់ចាំតួលេខអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។
មាស Spot Gold បានរក្សាតម្លៃរបស់ខ្លួននៅត្រឹម១៩៣៥,៣៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0058 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ក៏ស្ថិតនៅទ្រឹងត្រឹម១.៩៧០ដុល្លារក្នុងមួយអោន ផងដែរ។
ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,២% នៅថ្ងៃអង្គារនេះ ធៀបនឹងរូបិយប័ណ្ណសំខាន់ៗនានា ដែលធ្វើឲ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។
លោកស្រី Michelle Bowman អភិបាលធនាគារ Fed បានមានប្រសាសន៍កាលពីថ្ងៃចន្ទកន្លងទៅថា ការដំឡើងអត្រាការប្រាក់បន្ថែមទំនងជាត្រូវការ ដើម្បីកាត់បន្ថយអត្រាអតិផរណាឱ្យដល់គោលដៅ២% របស់ធនាគារកណ្តាលអាមេរិក។
ទន្ទឹមគ្នានេះ វិនិយោគិនក៏កំពុងរង់ចាំទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ផងដែរ សម្រាប់ការចង្អុលបង្ហាញអំពីផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារ Fed ៕