ប្រព័ន្ឋទូទាត់ប្រាក់បាគងរបស់កម្ពុជាបានតភ្ជាប់រចនាសម្ព័ន្ឋទូទាត់ប្រាក់ជាមួយប្រទេសចំនួន៤ក្នុងតំបន់

ដោយៈនិស្ស័យ

        ភ្នំពេញៈ ជាមោទនភាព ដែលប្រព័ន្ឋទូទាត់ប្រាក់បាគង ដែលបង្កើតដោយកូនខ្មែរ បាននិងកំពុងតភ្ជាប់រចនាសម្ព័ន្ឋផ្ទេរប្រាក់ជាមួយ​ប្រទេសចំនួន៤ក្នុងតំបន់។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជា​ក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងគោលបំណងពង្រឹងកិច្ចសហការ លើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ និងប្រទេសវៀតណាម។

ជាមួយគ្នានេះ ធនាគារជាតិក៏បានពង្រឹងផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វ៊ីជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នា និងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធ បាគង ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធបាគងប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចធ្វើឲ្យអតិថិជនប្រតិបត្តិការភ្លាមៗដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

ទន្ទឹមនោះប្រព័ន្ធបាគង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុក៏ដូចជា ផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជា ក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស។

ប្រព័ន្ធ KHQR Code ជាប្រព័ន្ធបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឲ្យមានការទូទាត់ប្រាក់ ពីគ្រឹះស្ថានធនាគារ និង E-wallet ដែលជាសមាជិក លើស្លាកសញ្ញា QR Code តែមួយ ដោយមិនចាំបាច់ប្រើប្រាស់ស្លាកសញ្ញា QR Code របស់ធនគារផ្សេងៗឡើយ ទាំងនេះជាការផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករ ក្នុងការទូទាត់ប្រាក់ និងផ្ទេរប្រាក់ជាដើម។

ប្រព័ន្ធ KHQR Code នេះត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here