ដោយៈ និស្ស័យ
ភ្នំពេញៈ រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅ មានភ្ញៀវទេសចរផ្ទៃក្នុង ដើរទស្សនាប្រមាណ១លាន១សែននាក់។
សរុបរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់។ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំង ចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។
ក្រសួងទេសចរណ៍ថា រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕