រដ្ឋប្រហារចុងក្រោយបំផុតនៅអាហ្វ្រិក បង្កការឈឺក្បាលសម្រាប់លោកខាងលិច តែវាជាឱកាសល្អសម្រាប់រុស្ស៊ី

តែម សុខុម

ញូវយ៉ក: ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៃប្រទេសនីហ្សេ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច អ្នកគាំទ្ររដ្ឋប្រហារនេះរាប់ពាន់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតបារាំង ក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) របស់ប្រទេសនីហ្សេ។

ការប្រមូលផ្ដុំគ្នានេះគឺដើម្បីថ្លែងសារច្បាស់ៗទៅកាន់ប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគមរបស់ពួកគេ និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ សីហា។

នៅពេលប្រធានាធិបតី មហាម៉េត បាហ្ស៊ូម (Mohamed Bazoum) ត្រូវបានទាហានរបស់លោកចាប់ឃុំឃាំងនៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) ភាពតានតឹងបានកើតមាននៅតាមដងផ្លូវ ទីដែលពលរដ្ឋនីហ្សេ គាំទ្ររដ្ឋប្រហារគ្រវីទង់ជាតិរុស្ស៊ី បានស្រែកឡើងថា “ជយោ ពូទីន!” និង “បារាំង ដួលរលំទៅ!” ហើយស្លាកមួយត្រូវស្ថានទូតបារាំង ត្រូវបានហែកចោល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានគំរាមសងសឹកចំពោះការវាយប្រហារណាមួយមកលើពលរដ្ឋបារាំង ហើយបានថ្កោលទោសរដ្ឋប្រហារថា “ខុសច្បាប់ទាំងស្រុង និងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់ពលរដ្ឋនីហ្សេរីយ៉ា ពលរដ្ឋនីហ្សេ និងតំបន់ទាំងមូល”។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងៗទៀតក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះដែរ ហើយប្លុកនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច បានគំរាមធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើប្រធានាធិបតី Mohamed Bazoum មិនត្រូវបានប្រគល់អំណាចឡើងវិញ។

តាមរយៈសេចក្តីថ្លែងការណ៍ព្រាងទុកមួយដើម្បីរំឭកដល់ទិវាឯករាជ្យរបស់ប្រទេសនីហ្សេរី ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអំពាវនាវឱ្យដោះលែងលោក Mohamed Bazoum ជាបន្ទាន់ ហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន “ឈរនៅខាងប្រជាជននីហ្សេ” ខណៈប្រទេសនេះប្រឈមមុខនឹង “បញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន”។

ការផ្តួលរំលំលោក Mohamed Bazoum ទម្រាំតែបានសម្រេច គឺមានការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើកក្នុងពេលថ្មីៗនេះ។ប្រទេសចំនួន៥រួចមកហើយនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ត្រូវបានដណ្ដើមអំណាចដោយរបបយោធាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយប្រទេសទាំង៥នោះសុទ្ធតែជាអតីតអាណានិគមរបស់បារាំង។

រដ្ឋប្រហារទាំងនេះបានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងគ្នាកាន់តែខ្លាំងរវាងលោកខាងលិច និងប្រទេសរុស្ស៊ី ដើម្បីដណ្ដើមឥទ្ធិពលនៅអាហ្វ្រិក ទីដែលក្រុមអ្នកជំនាញនិយាយថា ការផ្ទុះកំហឹងកាន់តែខ្លាំងឡើងនៅក្នុងបណ្ដាអតីតអាណានិគមរបស់បារាំង ធ្វើឱ្យវិមានក្រឹមឡាំង មានឱកាសទទួលផលកាន់តែច្រើន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here