ស្ថាប័នចំនួន២របស់កូរ៉េគ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ ស្វាយចន្ទីរនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករាជ រ៉ាបានជួបពិភាក្សាការងារជាមួយប្រតិភូ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ- ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស លើគម្រោងសិក្សាលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយ​ចន្ទី នៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួ​បដែលបានធ្វើឡើងកាលពីថ្ងៃទី៣ សីហា លោករាជ រ៉ាបានជួបពិភាក្សាការងារជាមួយប្រតិភូ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute)  និងតំណាងសមាគមធនធានកសិ- ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករាជ រ៉ាបានជម្រាបជាសង្ខេបអំពីខ្លឹមសារ នៃគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើន ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេសរបស់កូរ៉េ មានគោលបំណង ក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែម លើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។

លោករាជ រ៉ាបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់នេះ ដែលស្របតាមការដាក់ចេញ នូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែម មកវិនិយោគលើការកែច្នៃស្វាយចន្ទី ក្នុងប្រទេសកម្ពុជា ក៏ដូចជា ទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here