អ្នកជំនាញ បានព្យាករថា វិស័យអចលនទ្រព្យនឹងរីកចម្រើនកាន់តែខ្លាំងក្នុងពេល ៥ឆ្នាំខាងមុខ

ដោយ៖ វុទ្ធី
ភ្នំពេញ៖ វិស័យអចលនទ្រព្យត្រូវបានមើលឃើញថាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ អ្នកជំនាញ ដែលកំពុងប្រតិបត្តិនៅក្នុងវិស័យនេះ បានព្យាករថា ក្នុងរយៈពេលប៉ុន្មាន ៥ឆ្នាំទៅមុខទៀត វិស័យអចលនទ្រព្យនឹងមានការរីកចម្រើនកាន់ខ្លាំងជាងពេលបច្ចុប្បន្ន។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានថ្លែងប្រាប់ថា “១០០ ភាគរយ អចលនទ្រព្យក្នុងរយៈពេល៥ឆ្នាំទៀតនឹងកាន់តែរីកចំរើនខ្លាំង”។ លោកបានថ្លែងបន្តថា “ទៅមុខនោះ តំបន់នៅកណ្ដាលក្រុងនឹងសម្បូរទៅដោយខុនដូ និងការិយាល័យ”។

លោក សោម កែវម៉ាលីដា (Andy) អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងប្រាប់តាមរយៈទូរស័ព្ទនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “វិស័យអចលនទ្រព្យក្នុងរយះពេល៥ឆ្នាំទៀតនឹងកាន់តែមានភាពរីកចម្រើនខ្លាំង ដោយសារសព្វថ្ងៃនេះប្រទេសយើងកំពុងចាប់ដៃពានិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗជាច្រើន ហើយសេចក្ដីព្រៀងច្បាប់ថ្មីនៃការវិនិយោគកាន់តែប្រសើរឡើង”។

លោក បន្ថែមថា “នៅក្នុងក្រុង៥ឆ្នាំទៅមុខទៀតនឹងជាតំបន់ពាណិជ្ជកម្ម ចំណែកតំបន់ជាយក្រុងសម្បូរទៅដោយលំនៅដ្ឋាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោក ម៉ន សុខា ប្រធានអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាននិយាយថា ទៅមុខទៀតទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងមានការរីកចម្រើន ដោយសារបញ្ហាវិបត្តិកូវីដអាចនឹងបញ្ចប់ឆាប់ៗ។

លោក បានបន្តទៀតថា ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រកាសពីការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ហិរញ្ញបទានដើម្បីស្ថាបនាផ្លូវជាច្រើនទៀតក្នុងប្រទេសកម្ពុជា និង ការចុះ FTA ដែលធ្វើឪ្យសេដ្ឋកិច្ចរីកចំរើន ហើយវិស័យអចលនទ្រព្យក៏រីកចំរើនដែរ”។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចងើបឡើងវិញលឿនលំដាប់ទី៣ នៅក្នុងអាស៊ាននៅឆ្នាំក្រោយ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៥ ។

ការព្យាករណ៍រយៈពេលមធ្យមរបស់ IMF សម្រាប់ឆ្នាំ ២០២៥ បង្ហាញថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍កំណើន ៦,៩ ភាគរយ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here