កម្ពុជា ថៃពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បី វិបុលភាពនៃប្រទេសទាំងពីរ

ដោយៈ និស្ស័យ

        ភ្នំពេញៈ  កម្ពុជា-ថៃប្ដេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

តាមរយ:កិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹង ទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេ​សទាំងពីរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញា ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។

ការបញ្ជាក់បែបនេះបានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តបានយ៉ាងល្អ នូវអនុស្សរណៈយោគយល់គ្នាចំនួន ៣ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមកបានយ៉ាងល្អប្រសើរ។

ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច ប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារ ដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋ ចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេ បានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យបងប្អូនពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុក ដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។

ភាគីកម្ពុជាបានដាក់សំណើររួចហើយទៅភាគីថៃ ស្នើសុំផ្តល់នូវការបណ្តុះបណ្តាល លើមុខជំនាញចំនួន៦ រួមមាន ១. ជំនាញវិស្វកម្មអេឡិចត្រូនិក ២. សំណង់ស៊ីវិល ៣. គ្រឿងយន្ត (Automotive) ៤. បរិក្ខារត្រជាក់ ៥. ព័ត៌មានវិទ្យា និង៦. វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here