លោកគង់ វិបុល÷លទ្ធផលនៃការខិតខំធ្វើទំនើបកម្ម និងបរិវត្តកម្ម ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ ទៅជារដ្ឋបាលសារពើពន្ធទំនើបទាន់សម័យ

        ដោយៈ ហ្វីអូណា

ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានពន្យល់ពីមូលហេតុនៃកំណើនទឹកប្រាក់ ដែលប្រមូលបានពីវិស័យពន្ឋដារនៅកម្ពុជា។

លោកបានលើកឡើងថា ការសម្រេចបាន នូវកំណើនចំណូលពន្ធដារ ឬពន្ធផ្ទៃក្នុងកន្លងមក គឺអាស្រ័យដោយសារ ការលើកស្ទួយពង្រឹងវប្បធម៌ និងកាតព្វកិច្ចបង់ពន្ធ តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍អភិបាលកិច្ច និងរដ្ឋបាលកិច្ចល្អដែលទាំងនេះ គឺជាលទ្ធផលនៃការខិតខំធ្វើទំនើបកម្ម និងបរិវត្តកម្ម ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ ទៅជារដ្ឋបាលសារពើពន្ធទំនើបទាន់សម័យ។ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពី “អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកពន្ធដារ” នៅវិទ្យាស្ថានខេមអេដ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

លោកគង់ វិបុល បានចែករំលែកអំពីសមិទ្ធផល ដ៏ថ្លៃថ្លានានា ដែលអគ្គនាយកដ្ឋានពន្ធដារ ព្យាយាមសម្រេចបានកន្លងមក ក៏ដូចជាផែនការ និងគំនិតផ្តួចផ្តើមចម្បងៗ ជាច្រើនទៀត ដែលត្រូវអនុវត្តន៍ឲ្យបានជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យ និងគោលដៅសំខាន់ៗដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ចក្ខុវិស័យរបស់អគ្គនាយកដ្ឋានពន្ធដារ គឺប្រែក្លាយជា “អង្គភាពសាធារណៈ ដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធដារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព”។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចីរភាព នៃការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលរយៈពេលជាងមួយទសវត្សកន្លងទៅនេះ (ចាប់ពីឆ្នាំ២០១២) ការប្រមូ​លចំណូលពន្ធដារ ឬពន្ធផ្ទៃក្នុង គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការ ដែលកំណត់ដោយច្បាប់ជាប្រចាំ រួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ (២០២០-២០២១)៕

LEAVE A REPLY

Please enter your comment!
Please enter your name here