តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានចំនួនប៉ុន្មាន?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។

កម្ពុជាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦ រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយស្ថិរភាព ក្រោយពីការកែទម្រង់វិស័យធនាគារ ត្រូវបានបញ្ចប់ដោយជោគជ័យចាប់ពីឆ្នាំ២០០០មក។ ប្រព័ន្ធធនាគារក៏ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ស្របតាមនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងបានរួមចំណែកស្នូលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើនសេដ្ឋកិច្ច, លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្រ។

ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ០,៥ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៨ ដល់៥៦ប៊ីលានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ១១២ដង។ ឥណទានប្រព័ន្ធធនាគារដែលត្រូវបានបែងចែកទៅ កាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង ១៦៥ដង ប្រហាក់ប្រហែលគ្នា គឺពីចំនួនប្រមាណតែ០,២ពាន់លានដុល្លារអាមេរិក ដល់ជាង ៣៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here