ក្រុមហ៊ុន Yum China ប្ដេជ្ញាបើកហាងថ្មីរហូតដល់ទៅ១.៣០០សាខាក្នងឆ្នាំ២០២៣

តែម សុខុម

ប៉េកាំង: ក្រុមហ៊ុន Yum China Holdings ដែលជាម្ចាស់ប៊្រែន KFC និង Pizza Hut នៅចិនដីគោក បានប្ដេជ្ញាបើកហាងថ្មីៗរហូតដល់ទៅ១.៣០០សាខាក្នុងឆ្នាំ២០២៣ ខណៈខ្លួននៅតែសម្លឹងឃើញឱកាសសម្រេចបានកំណើន ទោះបីជាសេដ្ឋកិច្ចចិន ធ្លាក់ចុះយ៉ាងណាក្ដី។

ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ ទី០១ សីហា បន្ទាប់ពីលទ្ធផលរបស់ក្រុមហ៊ុនបង្ហាញពីកំណើនប្រាក់ចំណូល២៥%ក្នុងត្រីមាសទី២ លោកស្រី ចូអ៊ី វ៉ាត (Joey Wat) នាយកប្រតិបត្តិក្រុមហ៊ុន Yum China Holdings បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនរបស់លោកស្រីមានគោលបំណងបើកហាងថ្មីៗឱ្យបានចន្លោះពី១.១០០សាខាទៅ១.៣០០សាខាក្នុងឆ្នាំនេះ ខណៈការចំណាយទុនសរុបនឹងមានចន្លោះពី៧០០ដុល្លារ ទៅ៩០០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានលើកឡើងដោយភាពជឿជាក់ថា “ទីផ្សារប្រទេសចិន ទោះបីជាមានកំណើន GDP យឺតយ៉ាងណាក្ដី ក៏វានៅតែលឿនជាងឆ្ងាយ ឬ លឿនជាងពីរដងបើធៀបនឹងទីផ្សារអភិវឌ្ឍន៍មួយចំនួន ហើយវាមានទំហំធំ។ វានៅតែផ្តល់ឱ្យយើងនូវឱកាសសម្រេចបានកំណើនដ៏អស្ចារ្យ”។

លោកស្រីបន្ថែមទៀតថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានបើកហាងថ្មីៗមិនត្រឹមតែនៅតាមទីក្រុងលំដាប់ទាបប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកនៅក្នុងទីក្រុងលំដាប់កំពូលផងដែរ ហើយទទួលបានលទ្ធផលល្អជាទីគាប់ប្រសើរ”។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ បានបាត់បង់សន្ទុះក្នុងប៉ុន្មានខែចុងក្រោយនេះ ខណៈតម្រូវការបានធ្លាក់ចុះទាំងនៅបរទេស និងក្នុងស្រុក ដោយសេដ្ឋកិច្ចចិន បានហក់ឡើងក្នុងល្បឿនយឺតនៅក្នុងត្រីមាសទី២ ឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here