ADB អនុម័តកម្ចី១០០លានដុល្លារ ជួយកម្ពុជា បង្កើនការប្រកួតប្រជែងផ្នែកកម្លាំងពលកម្ម

តែម សុខុម

ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី១០០លានដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់ការប្រកួតប្រជែងក្នុងផ្នែកកម្លាំងពលកម្មនៅកម្ពុជា តាមរយៈការដោះស្រាយគម្លាតជំនាញ និងកង្វះខាតកម្លាំងពលកម្ម។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ ទី០១ សីហា ធនាគារអភិវឌ្ឍន៍អាស៊ី និយាយថា ការលើកកម្ពស់នេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា អនុកម្មវិធីទី១ នៃកម្មវិធីជំនាញសម្រាប់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program) នឹងជួយប្រែក្លាយកម្ពុជា ទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យាតាមរយៈការពង្រឹងធនធានមនុស្សរបស់ខ្លួន។

លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ការកែទម្រង់កម្លាំងពលកម្មរបស់កម្ពុជា និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធ TVET (ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) តាមរយៈយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការវិនិយោគបន្តបន្ទាប់គ្នាទាន់ពេលវេលា”។

លោកស្រីបន្ថែមថា “កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នទាំងនេះនៅក្នុងប្រព័ន្ធ TVET (ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) មានសារៈសំខាន់ណាស់នៅក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ កែលម្អកន្លែង និងសម្ភារៈបរិក្ខារបណ្តុះបណ្តាលឱ្យប្រសើរឡើង និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund)”។

សេចក្តីថ្លែងការណ៍ដដែលបង្ហាញថា នៅក្នុងទីផ្សារការងាររបស់កម្ពុជា មានកម្មករនិយោជិតប្រមាណ៩លាននាក់ ដោយក្នុងនោះស្ត្រីមានចំនួន៤៩% ហើយថា ៥៤%នៃប្រជាជនកម្ពុជា មានអាយុក្រោម៣០ឆ្នាំ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here