តែម សុខុម
ប៉េកាំង: យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា ស្រីលង្កា ឈរនៅលំដាប់កំពូលក្នុងបញ្ជីឈ្មោះប្រទេសដែលមហាយក្សចិន អាចនឹងបោះមូលដ្ឋានទ័ពជើងទឹកនៅប៉ុន្មានឆ្នាំខាងមុខ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងស្វះស្វែងពង្រីកសមត្ថភាពដែនសមុទ្ររបស់ខ្លួន។
កំពង់ផែហាមបានតូតា (Hambantota) នៅក្នុងប្រទេសអាស៊ីខាងត្បូង មួយនេះគឺជាទីតាំងដ៏ទំនងបំផុតសម្រាប់ការបោះមូលដ្ឋានទ័ពជើងទឹកដោយសារមហាយក្សចិន បានបោះទុនវិនិយោគចំនួន២,១៩ពាន់លានដុល្លារអាមេរិក នៅទីនោះរួចទៅហើយ។ នេះបើយោងតាមការវាយតម្លៃដោយគម្រោងស្រាវជ្រាវ AidData នៅសកលវិទ្យាល័យ វីលៀម អែន ម៉ារី (William & Mary) ក្នុងរដ្ឋវើជីនៀ (Virginia) សហរដ្ឋអាមេរិក។
ទីតាំងផ្សេងៗទៀតនៅក្នុងប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) ប្រទេសប៉ាគីស្ថាន និងប្រទេសកាមេរូន ត្រូវបានចុះបញ្ជីជាគោលដៅបន្ទាប់សម្រាប់ការបោះមូលដ្ឋានទ័ពជើងទឹករបស់មហាយក្សចិន ក្នុងរយៈពេល២ទៅ៥ឆ្នាំខាងមុខ។
គម្រោងស្រាវជ្រាវ AidData ដែលបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដា បញ្ជាក់ថា “ការវិនិយោគលើកំពង់ផែធំបំផុតរបស់ប្រទេសចិន គឺនៅ Hambantota ហើយរដ្ឋាភិបាលក្រុងប៉េកាំង ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើទីតាំងនេះ”។
រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកសង្កេតការណ៍បានព្យាយាមវែកញែកពីវិសាលភាពដែលប្រទេសចិន ប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចដើម្បីជំរុញមហិច្ឆិតាយោធារបស់ខ្លួន។
ប្រទេសចិន មានកងទ័ពជើងទឹកច្រើនជាងគេបំផុតក្នុងពិភពលោកបើគិតពីចំនួននាវាចម្បាំង ហើយបណ្ដាក្រុមហ៊ុនសំណង់ និងវិស្វកម្មរបស់ខ្លួនកំពុងមមាញឹកខ្លាំងក្នុងការសាងសង់កំពង់ផែជុំវិញពិភពលោក។
របាយការណ៍នៃគម្រោងស្រាវជ្រាវ AidData បង្ហាញថា ប្រទេសចិន បានផ្តល់ប្រាក់កម្ចី និងជំនួយក្នុងទំហំទឹកប្រាក់ជិត៣០ពាន់លានដុល្លារ ពីឆ្នាំ២០០០-២០២១ ដើម្បីសាងសង់ ឬ ពង្រីកកំពង់ផែចំនួន៧៨នៅក្នុង៤៦ប្រទេស៕ Bangkok Post៕