ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅតំបន់អាស៊ី នៅថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំតម្រុយពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកអំពីការដំឡើងអត្រាការប្រាក់នៅឯសប្តាហ៍ក្រោយ។
តម្លៃមាស Spot Gold បានប្រែប្រួលតិចតួចមកនៅត្រឹម១៩៥៥,២៤ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0110 GMT។ ចំណែក មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,១% ដល់១៩៥៨,៨០ដុល្លារក្នុងមួយអោន។
ទន្ទឹមគ្នានេះដែរ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកស្ថិតនៅទ្រឹងត្រឹម៩៩,៨៨ ដែលខិតជិតដល់កម្រិតទាប៩៩,៥៨ពិន្ទុ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ។
លោក Jan Hatzius ប្រធានសេដ្ឋវិទូរបស់ធនាគារ Goldman Sachs បានមានប្រសាសន៍ថា ធនាគារនេះកំពុងកាត់បន្ថយប្រូបាប៊ីលីតេរបស់ខ្លួន ដែលថា វិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមក្នុងរយៈពេល១២ខែខាងមុខ មកនៅត្រឹម២០% បើធៀបនឹងការព្យាករណ៍កាលពីពេលមុនក្នុងរង្វង់២៥%។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានងើបឡើងក្នុងល្បឿនដ៏យឺតបំផុតនៅក្នុងត្រីមាសទី២ ដោយបង្កើនសម្ពាធលើអ្នកបង្កើតគោលនយោបាយឱ្យដាក់ចេញនូវវិធានការបន្ថែមទៀតដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច៕