ក្រសួងកសិកម្មពង្រាយមន្រ្តីកសិកម្មនៅតាមឃុំ១ ៦០០នាក់ក្នុងបេសកកម្មបម្រើកសិករ១,៦លានគ្រួសារ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកំពុងពិភាក្សាជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីបន្តរៀបចំផែនការ ពង្រាយមន្រ្តីកសិកម្មឃុំចំនួន១៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ១,៦លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន៧,៥លាននាក់ នៅគ្រប់ភូមិឃុំទូទាំងប្រទេសចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំក្នុងចំនួនយ៉ាងដូច្នេះ គឺជាគោលនយោបាយសំខាន់របស់ក្រសួងកសិកម្ម សម្រាប់អាណត្តិក្រោយនេះ បើសិនជារាជរដ្ឋាភិបាលថ្មីនីតីកាលទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ញាបានបន្តថា “គម្រោងនេះ ត្រូវបានអនុម័តដោយមហាសន្និបា​តគណបក្សប្រជាជនកម្ពុជា ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានគម្រោង នឹងទម្លាក់ថវិកា១០០លានដុល្លារបន្ថែមទៀត សម្រាប់ទ្រទ្រង់ និងគាំទ្រគម្រោនេះ” ខណៈដែលកន្លងទៅ ក្រសួងបានដាក់ពង្រាយមន្រ្តីកសិកម្ម ធ្វើជាគម្រោងសាកល្បងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមរួចមកហើយ”។

អ្នកនាំពាក្យរូបនេះ លើកឡើងទៀតថា មន្រ្តីកសិកម្ម ដែលដាក់ពង្រាយនៅតាមឃុំទូទាំងប្រទេស មានតួនាទីក្នុងការជួយគាំទ្រលើកការងារបច្ចេកទេស ទាំងបច្ចេកកសិកម្ម និងបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឱ្យសមស្របនឹងប្រភេទដំណាំដែលកសិករបានដាំដុះ។

កញ្ញា អ៊ឹម រចនាបានបន្តថា ក្រសួងរំពឹងថា គោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំ១៦០០នាក់ នៅទូទាំងប្រទេសនេះ នឹងមានប្រសិទ្ធភាព ហើយឆ្លើយតបនឹងសេចក្តីត្រូវការ របស់កសិករនៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបច្ចេកទេស ហិរញ្ញវត្ថុ និងការប្រែប្រួលអាកាសធាតុជាដើម។

លោក វណ្ណ ឫទ្ធី ប្រធាននាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីនបានមានប្រសាសន៍ថា នេះជាការប្រសើរណាស់ នៅពេលដែលការធ្វើស្រែចម្ការរបស់កសិករ មានអ្នកជំនាញកសិកម្មនៅជិត ដើម្បីចៀសវាងការធ្វើហើយចាល់គ្មានទីផ្សារ និងការប្រើប្រាស់បច្ចេកទេសមិនបានត្រឹមត្រូវជាដើម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា គម្រោងសាកល្បង (ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ) នាពេលកន្លងមកនេះ ក្រុមការងារមន្រ្តីកសិកម្មឃុំទាំងនោះ បានចុះជួយណែនាំពីគម្រោងបាននៅគ្រប់១០ឃុំ និងមេភូមិទាំង៧៤ភូមិ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រុមការងារនេះ បានចុះជួបធ្វើការផ្ទាល់ ជាមួយនឹងកសិករនៅគ្រប់ភូមិ ដោយមានការចូលរួមជួយសហការពីមេភូមិ និងបានរៀបចំឱ្យមានសហគមន៍កសិកម្មនៅគ្រប់ឃុំ ដើម្បីងាយស្រួលផ្សាភ្ជាប់កសិករមកទីផ្សារ និងទទួលបានទុនបន្ថែមផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here