វិស័យអចលនទ្រព្យនៅខេត្តស្វាយរៀង ចាប់ផ្តើមកម្រើកឡើងវិញ

ដោយ៖ វុទ្ធី
ស្វាយរៀង៖ អ្នកជំនាញបានអះអាងថា ខេត្តស្វាយរៀងនាពេលបច្ចុប្បន្ននេះ ដីធ្លីមានសន្ទុះឡើងវិញបន្តិចៗវិញហើយ ខណៈវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ននេះ ត្រូវបានមើលឃើញថា មានការងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីរងសម្ពាធពីវិបត្តិជំងឺCovid-19។

លោក សោម កែវម៉ាលីដា (Andy) អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងប្រាប់តាមរយៈទូរស័ព្ទនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា កន្លងមកវិស័យអចលនទ្រព្យនៅខេត្តនេះនៅត្រឹង តែនៅក្នុងខែតុលាមានការងើបឡើងវិញ ហើយដីធំៗនៅខាងខេត្តស្វាយរៀង មានការរៀបចំវិញជាបណ្តើរៗហើយ ទាំងគម្រោងរបស់រដ្ឋ និង ឯកជន។

លោក បានបន្ថែមថា ទាក់ទងនឹងការអភិវឌ្ឍលំនៅដ្ឋាននៅទីនោះហាក់មានសភាពស្ងប់ស្ងាត់ ហើយពានិជ្ជកម្ម និង កាស៊ីណូ ក៏មិនទានមានសន្ទុះ ដោយសារតែមិនទាន់បើកច្រកព្រំដែន។

ទោះជាយ៉ាងនេះក្តី លោក បានព្យាករថា “នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យ ក៏ដូចជា ខេត្តស្វាយរៀងទាំងមូលនឹងមានការរីកចម្រើនកាន់តែខ្លាំង ដោយសារថ្មីៗនេះ កម្ពុជាបានចុះកិច្ចព្រព្រៀងពានិជ្ជកម្មសេរីជាមួយចិន ( FTA ) និងកំពុងតែចរចារជាមួយកូរ៉េជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានឱ្យដឹងថា “ខេត្តស្វាយរៀងមានដីជាច្រើន ដើម្បីធ្វើជាតំបន់សេដ្ឋកិច្ចពិសេស មានឃ្លាំងផ្ទុកទំនិញជាច្រើន សម្រាប់នាំចេញនាំចូលទំនិញទៅក្រៅប្រទេស”។

លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង ធ្លាប់បានលើកឡើងថា កាលពីសម័យមុន ខេត្តស្វាយរៀង ពុំដែលមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ដូចបច្ចុប្បន្ននេះទេ ទើបតែសម័យតេជោ ក្រោមដំបូលនៃម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តស្វាយរៀងមានរោងចក្រ សហគ្រាសជាច្រើនកន្លែង រហូតមានរោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervior Automobile Industry Complex របស់ក្រុមហ៊ុន Deahan Auto ។

លោកបន្តថា បច្ចុប្បន្ននេះ ដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ដែលបាននឹងកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ បាននាំឱ្យមានផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់ដល់ការងារកម្មករនិយោជិតមួយចំនួន ដោយសាររោងចក្រមួយចំនួនបានព្យួរការងារ។

លោកបន្ថែមថា ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន ២១៦កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន១១៣ កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការនាំចេញសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង សម្រេចបានទំហំទឹកប្រាក់ជាង៦៨០លានដុល្លារ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ។ នេះបើយោងតាមការទិន្នន័យចុងក្រោយ របស់ក្រសួងពាណិជ្ជកម្ម។

វិស័យភស្តុភារកម្ម ហាក់មានសភាពល្អប្រសើរឡើងវិញ ដោយសាររាជរដ្ឋាភិបានយកចិត្តទុកដាក់រៀបចំនៅតាមបណ្ដាលជ្រក់ព្រំដែនមួយចំនួននៃប្រទេសកម្ពុជា ក្នងនោះក៏មានខេត្តស្វាយរៀងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here