ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងអនុវត្តន៍ផែនការប្រកបដោយមហិច្ឆតា ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយចក្ខុវស័យរយៈពេលវែង។
លោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការណែនាំ ជាយុទ្ធសាស្រ្តតម្រង់ទិសពីសំណាក់ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដ៏រឹងមាំមុតស្រួចឆ្ពោះទៅធ្វើការអនុវត្ត ដោយសកម្មបំផុតលើបេសកកម្មប្រវត្តិសាស្រ្តរបស់ក្រសួង ក្នុងចក្ខុវិស័យដ៏យូរអង្វែងប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងសម្រេចបានលទ្ធផលក្នុងប្រសិទ្ធភាពខ្ពស់ លើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងការងារព្យាករណ៏ឧតុនិយមដ៏ល្អច្បាស់លាស់ បម្រើឲ្យគ្រប់វិស័យធានាឲ្យខាងតែបានលើសន្តិសុខទឹក សម្រាប់ប្រទេសកម្ពុជាទាំងមូល បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ក្រសួង-ស្ថាប័ន លើការរៀបចំយុទ្ធសាស្រ្តនៃប្រទេសកម្ពុជា សម្រាប់វិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម និងសម្រាប់វិស័យពាក់ព័ន្ធទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ។
អង្គប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិសុទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយកនៃស្ថានតំណាង ADB ប្រចាំក្នុងប្រទេសកម្ពុជា និងមានការអញ្ជើញចូលពីមន្រ្តីជាន់ខ្ពស់របស់ADB និងមន្រ្តីមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់លើការគូសវាសគ្រោងប្លង់លំអិតក្នុងយុទ្ធសាស្រ្តធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងវិស័យឧតុនិយមទាំងមូល របស់លោករដ្ឋមន្រ្តី និងដោយបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ADB បានយល់ព្រមបោះទុនវិនិយោគដ៏ច្រើនដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តសម្រាប់វិភាជ ក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងបោះទុនវិនិយោគលើវិស័យពាក់ព័ន្ធមួយចំនួនទៀត។
មុនពេលកិច្ចប្រជុំបូកសរុបខាងលើនេះ លោករដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាច្រើនលើកនឹងក្រុមទីប្រឹក្សាជាច្រើនក្រុមរបស់ ADB នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មកម្លេះ រួមទាំងការចុះពិនិត្យដល់ទីតាំងជាក់ស្តែងទៀតផង។
ទន្ទឹមនឹងការសម្រេចទទួលបានជោគជ័យ ដ៏ធំសម្បើមខាងលើនេះ ADB យល់ព្រមធ្វើការផ្តល់នូវហិរញ្ញប្បទានឥតសំណង ដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការកែលម្អនូវវិថីផែនការកាងារវិនិយោគរយៈពេលវែង ក្នុងការធ្វើទំនើបកម្មវិស្វកម្ម លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម ដែលមានលក្ខណៈធនទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដីជាអតិបរមា និងការទប់ស្កាត់នឹងគ្រោះមហន្តរាយនានា ដែលកើតឡើងដោយសារទឹក ៕