ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅវ៉ាដាច់វៀតណាម ក្នុងនាមជាប្រទេសនាំចេញអង្ករធំជាងគេទី២ របស់ពិភពលោកនៅឆ្នាំ២០២៣នេះ។
ការព្យាករនេះបានធ្វើឡើង បន្ទាប់ពីការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងរយៈពេល៤ខែដំបូង ឆ្នាំនេះ បានកើនឡើងរហូតដល់២,៦២លានតោន ដែលតួលេខនេះ តំណាងឱ្យការកើនឡើង១៤,៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឥឡូវនេះ រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំនេះ នឹងលើសពី៨លានតោន ធៀបនឹង៧,៦៩លានតោនកាលពីឆ្នាំមុន ដែលធ្វើអោយប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសនាំចេញអង្ករ ក្នុងបរិមាណច្រើនបំផុតលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។
លោកបានមានប្រសាសន៍ថា “ការកើនឡើងនៃការនាំចេញអង្ករ គឺជាលទ្ធផល នៃយុទ្ធនាការកំពុងបន្តរបស់រដ្ឋាភិបាល សម្រាប់ការកែលម្អពូជស្រូវ ដែលបណ្តាលឱ្យមានការបន្ថែម ពូជស្រូវថ្មីចំនួន២១នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ”។
លោកបន្ថែមថា យុទ្ធនាការនេះ ក៏មានគោលបំណងអភិវឌ្ឍពូជស្រូវចំនួន១២បន្ថែមទៀតផងដែរ នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ប្រទេសនាំចូលអង្ករច្រើនជាងគេ ពីប្រទេសថៃកាលពីឆ្នាំមុនមានដូចជាអ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អាមេរិក និងចិន។
លោក Anucha បានកត់សម្គាល់ទៀតថា “រដ្ឋាភិបាលក៏បានជំរុញការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការចរចាជាមួយដៃគូពាណិជ្ជកម្មដែលមានស្រាប់ ក៏ដូចជា ការស្វែងរកអតិថិជននៅក្នុងទីផ្សារថ្មីៗ ដូចជាហុងកុង ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនផងដែរ”៕