ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការផ្ទេរប្រាក់មកផ្ទះរបស់ពលករចំណាកស្រុកកម្ពុជាក្នុងឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងធ្លាក់ចុះមកត្រឹម ១,៤ ពាន់លានដុល្លារ ដោយសារតែវិបត្តិជំងឺកូវីដ១៩ (COVID-19)។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ដែលមានឈ្មោះថា “ការធ្វើចំណាកស្រុក និងការអភិវឌ្ឍន៍ដំណាក់កាលទី ២” ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញពីការផ្ទេរប្រាក់ជាផ្លូវការទៅកាន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងមានទំហំទឹកប្រាក់ ១៣១ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ធ្លាក់ចុះ ១០.៥ ភាគរយ។
ទឹកប្រាក់ដែលបានផ្ញើទៅប្រទេសចិនត្រូវបានប៉ាន់ស្មានថាមានចំនួន ៥៩.៥ ពាន់លានដុល្លារ បន្ទាប់មកប្រទេសហ្វីលីពីន មានចំនួន ៣៣,៣ ពាន់លានដុល្លារ និងវៀតណាម មានទឹកប្រាក់ ១៥,៧ ពាន់លានដុល្លារ ។
ឥណ្ឌូនេស៊ីត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩,៨ ពាន់លានដុល្លារ ប្រទេសថៃ (៦,១ ពាន់លានដុល្លារ) មីយ៉ាន់ម៉ា (២,២ ពាន់លានដុល្លារ) និងប្រទេសកម្ពុជា (១,៤ ពាន់លានដុល្លារ)។
ការធ្លាក់ចុះនៃការផ្ទេរប្រាក់ ត្រូវបានព្យាករថានឹងមានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត នាពេលបច្ចុប្បន្ន គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩។
របាយការណ៍ បានឱ្យដឹងថា “កត្តាចំបងដែលជំរុញឱ្យមានការធ្លាក់ចុះនេះគឺកំណើនសេដ្ឋកិច្ចខ្សោយ និងភាពមិនច្បាស់លាស់ជុំវិញការងារនៅក្នុងប្រទេសដែលទទួលអ្នកធ្វើចំណាកស្រុក តម្លៃប្រេងចុះខ្សោយ ហើយនៅក្នុងប្រទេសប្រភពផ្ទេរប្រាក់ មានអត្រាប្តូរប្រាក់មិនអំណោយផល ធៀបនឹងប្រាក់ដុល្លារអាមេរិក”។
កាលពីឆ្នាំមុន មានពលករកម្ពុជាចំនួន ១,២ លាននាក់ដែលធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី ហុងកុង ម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីត បានផ្ញើប្រាក់មកផ្ទះវិញចំនួនប្រមាណ ២,៨ ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕