ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃសុក្រនេះ តម្លៃមាសស្ថិតលើផ្លូវឆ្ពោះទៅរកការធ្លាក់ថ្លៃប្រចាំសប្តាហ៍ដ៏ធំបំផុត ចាប់តាំងពីខែកុម្ភៈ ដោយសារការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់បន្ថែមដោយធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះបានជំរុញប្រាក់ដុល្លារឱ្យហក់ឡើងថ្លៃ។
តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% ដល់១៩១១,៣២ក្នុងមួយអោនត្រឹមម៉ោង 0246 GMT ហើយបានធ្លាក់ចុះ២,៤%សម្រាប់សប្តាហ៍នេះ។ មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% ដល់១៩២១,២០ដុល្លារក្នុងមួយអោន។
យោងតាមការចុះផ្សាយដោយកាសែត Reuter បានឱ្យដឹងថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានរក្សាយ៉ាងរឹងមាំ និងកំណត់ការហក់ឡើងថ្លៃប្រចាំសប្តាហ៍នេះ ដោយធ្វើឱ្យមាសមិនសូវទាក់ទាញសម្រាប់អ្នកវិនិយោគក្រៅប្រទេស។
អត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យភាពទាក់ទាញរបស់ដុំមាសធ្លាក់ចុះ ហើយពេលនេះ ក្រុមអ្នកវិនិយោគរំពឹងថា ធនាគារ Fed នឹងបន្តគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់ខ្លួនក្នុងខែកក្កដាខាងម្ខ បន្ទាប់ពីរក្សាអត្រាការប្រាក់ឱ្យនៅថេរនៅឯកិច្ចប្រជុំខែមិថុនានេះ។
ទន្ទឹមគ្នានោះ ការទាមទារគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក បានរក្សាស្ថិរភាពក្នុងកម្រិតខ្ពស់រយៈពេល២០ខែកាលពីសប្តាហ៍មុន ដែលអាចជាសញ្ញាបង្ហាញពីការធ្លាក់ចុះទីផ្សារការងារនៅពេលប្រឈមមុខនឹងការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ធនាគារ Fed ។
តម្លៃ Spot silver បានធ្លាក់ចុះ០,៥% ដល់២២,១២៣ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនធ្លាក់ចុះ០,៤% ដល់៩១៩,២៣ដុល្លារក្នុងមួយអោន ខណៈតម្លៃ Palladium បានធ្លាក់ចុះ០,៣% មកនៅត្រឹម១២៨០,១៤ដុល្លារក្នុងមួយអោនបន្ទាប់ពីឈានដល់កម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ នៅក្នុងវគ្គមុន៕