វិភាគ៖ ហេតុអ្វីបានជាស្ថាប័នហិរញ្ញវត្ថុធំៗ ចាប់យកទីផ្សារកម្ពុជា?

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុនហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន បាន និងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន ហើយធនាគារនានាបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍ និងជំរុញឲ្យខ្លួនមានការលូតលាស់ថ្មីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដណ្តើមយកទីផ្សារក្នុងស្រុករបសប្រទេសមួយនេះ ដែលកំពុងក្លាយជា ទីក្រុងមាស របស់ពួកគេ (ធនាគារកូរ៉េ) ដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។

ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅតែមានឱកាសជាច្រើន ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ព្រោះកម្ពុជាមិនទាន់មានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុគ្រប់គ្រាន់នៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។

កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦ រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។

ការឆ្លើយតបនឹងវិបត្តិបច្ចុប្បន្ន

គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ធូរបន្ថយ និងបញ្ចុះអត្រាការប្រាក់កម្ចីទាប ដល់អ្នកប្រើប្រាស់កម្ចី ដើម្បីឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមាន។

ការពន្យាដើមទុនត្រនប់ បន្ធូរបន្ថយទុនបម្រុង ហើយក្រសួងសេដ្ឋកិច្ច តាមរយៈអគ្គនាយកពន្ធដារ បានបន្ធូរបន្ថយលើពន្ធកាត់ទុកលើប្រាក់កម្ចីពីបរទេស ធ្វើឱ្យប្រភពទុនក្នុងស្រុកសម្បូរ ដែលអាចយកមកប្រើប្រាស់បាន ហើយកំណើនក្នុងវិស័យឥណទានក៏មិនសូវខ្ពស់ដែរ ដោយសារអាជីវកម្មច្រើនរងផលប៉ះពាល់ ដោយសារកូវីដ១៩ ។

ដូច្នេះហើយ បានជាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចុះអត្រាការប្រាក់កម្ចីទាបមែនទែន យើងនិយាយជាទូទៅ ទាបក្រោម៧ភាគរយទៀត ធ្វើឱ្យមានការប្រកួតប្រជែងក្នុងតម្លៃ (price competition) ដូច្នេះហើយផលប្រយោជន៍នឹងបានទៅអ្នកប្រើប្រាស់កម្ចីពីប្រកួតប្រជែងនេះ ដូចជាប្រភពទុនដែលមានអត្រាការប្រាក់ទាប ហើយអ្នកប្រើប្រាស់កម្ចីអាចប្រើប្រាស់បានរយៈពេលវែង។

ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុ ក៏មានការយោគយល់ សម្រាប់ការរួមរស់រីកចម្រើនជាមួយនឹងអតិថិជន។ ស្របពេលដែល រាជរដ្ឋាភិបាលបានបន្ធូរបន្ថយអនុបាតខ្លះ ដើម្បីឱ្យមានប្រភពទុនទូលំទូលាយ ហើយធនាគារធ្វើជាមួយអាតិថិជនយូរអង្វែង ហើយធនាគារផ្ទាល់ ក៏បានបន្ធូរបន្ថយដែរ ដោយបន្ធូរបន្ថយទាំងអត្រាការប្រាក់កម្ចី និងរយៈពេលសងដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់ក្នុងការយកមូលនិធិនេះទៅប្រើប្រាស់ឱ្យបានយូរអង្វែងសម្រាប់គ្រប់វិស័យទាំងអស់។

ជាទូទៅនៅពេលចលនាសេដ្ឋកិច្ចខ្លាំង មូលនិធិរបស់គាត់យកទៅវិនិយោគអស់ហើយ ប៉ុន្តែពេលមានចលនាសេដ្ឋកិច្ចតិច គាត់យកមូលនិធិមកផ្ញើនៅធនាគារធ្វើឱ្យប្រភពទុននៅស្រុកមានច្រើន ដូចជាប្រាក់សន្សំដែលមានកាលកំណត់។

ថ្វីត្បិតតែមានប្រភពទុនក្នុងស្រុកក៏ដោយ ក៏យើងទៅតែយកពីបរទេស ដែលកម្ចីពីបរទេសមានរយៈពេលរហូតទៅ ៥ ទៅ៧ឆ្នាំ ដើម្បីយកមកឆ្លើយតបជាមួយនឹងតម្រូវឥណទានរបស់ SME ដែលគាត់ត្រូវការ ៥ ទៅ៧ឆ្នាំដែរ ដើម្បីជៀសវាងអតុល្យភាពនៃមូលនិធិ ដូច្នេះបានជាយើងយកមកពីក្រៅមកបន្ថែម។

ក្នុងប្រភពទុនដែលប្រើប្រាស់ក្នុងវិស័យធនាគារ ១៥ភាគរយ បានមកពីដើមទុនរបស់ខ្លួនឯង ១៥ ភាគរយទៀតបានមកកម្ចីពីបរទេស ៧០ភាគរយគឺបានមកពីប្រាក់បញ្ញើសន្សំ។

សេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីពិភពលោក មានរយៈពេលមិនខ្លីនោះទេ ហើយមិនមែនមួយឆ្នាំ ដែលបានគិតដូចកាលពីមុននោះទេ។ ជំងឺកូវីដ១៩ មានរយៈពេលជិតមួយឆ្នាំហើយចាប់តាំងពីខែចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ។

ប្រទេសកម្ពុជាគឺជាចំណែកមួយនៃសេដ្ឋកិច្ចសកល។ បើសិនសេដ្ឋកិច្ចសកលមានផលប៉ះពាល់យូរ យើងក៏ដូចគ្នាដែរ។ អាជ្ញាធរ សំដៅទៅធនាគារជាតិ និងក្រសួងពាក់ព័ន្ធ ដឹងពីស្ថានភាពដូចគ្នា ហើយកំណើនសេដ្ឋកិច្ចវិលមករកភាពធម្មតាបន្តិចម្តងៗ ដូច្នេះការណ៍ដែលយើងសម្រួលដល់អតិថិជនគឺមានរយៈពេលវែងដូចគ្នា ដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់។

អ្នកប្រតិបត្តិក្នុងវិស័យនេះ បានលើកឡើងថា ឧទាហរណ៍ ឥណទានយើងឱ្យគាត់មានរយៈពេលវែង៧ឆ្នាំ ហើយដល់ពេលស្ថានភាពស្រួលឡើងវិញ យើងមិនសុំឱ្យអតិថិជនសងក្នុងរយៈពេល៥ឆ្នាំនោះទេ។ យើងនៅតែរក្សាកិច្ចសន្យាជាមួយពួកគាត់ដដែល អត្រាប្រាក់ដូចគ្នាចឹងដែរ កាលយើងព្រមព្រៀងគ្នាក្នុងរយៈពេល ៧ឆ្នាំ គឺយើងអត់កែមកវិញនោះទេ។ យើងរួមរស់រីកចម្រើនចម្រើនជាមួយអតិថិរបស់យើង។

អតិថិជនជាង២៦ម៉ឺននាក់បានស្នើរៀបចំឥណទានឡើងវិញជាមួយនឹងទំហំទឹកប្រាក់ប្រមាណ១២០០លានដុល្លារ ចាប់តាំងពីខែមីនារហូតមកដល់ខែសីហាកន្លងមកនេះ។  នៅក្នុងរយៈពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ការស្នើរៀបចំឥណទាននេះ មានអត្រាធ្លាក់ចុះនៅចន្លោះខែមិថុនាមកដល់ខែសីហា។ មន្ត្រីជាន់ខ្ពស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា នេះជាសញ្ញាល្អដែលឆ្លុះបញ្ចាំងឱ្យឃើញថា ផលប៉ះពាល់ ដែលបណ្ដាលមកពីកូវីដ១៩លើវិស័យមីក្រូហិរញ្ញវត្ថុបានថមថយ។

វិស័យនេះក្នុងរយះពេល០២ខែចុងក្រោយគឺមានលក្ខណៈល្អប្រសើរជាងកន្លងទៅ ដែលរាប់ពីខែមេសា ឧសភា ជាខែដែលលំបាកជាងគេ បន្ទាប់មកខែមិថុនា កក្កដា និងខែសីហា អាចនិយាយបានថា វិស័យមួយនេះមានលក្ខណៈប្រសើរជាង តាំងពីឥណទាន(កម្ចី)មិនល្អក៏ថយចុះ ហើយចំនួនអតិថិជនដែលស្នើសុំឥណទានឡើងវិញក៏មានការធ្លាក់ចុះ រីឯចំនួនអតិថិជនដែលត្រូវការឥណទានថ្មីក៏មានការកើនឡើង។

ចំពោះអាជីវករខ្នាតតូចក្នុងស្រុកមានភាពល្អប្រសើរជាងមុនដែរ។ តែយ៉ាងណាក្តី ផលប៉ះពាល់ពីកូវីដ១៩ នៅតែមានសម្រាប់វិស័យមួយចំនួនដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ទោះបីជាបញ្ហាកូវីដ១៩មានភាពធូរស្បើយក្តី។

សម្រាប់ឆ្នាំ២០២០ទាំងមូល វិស័យហិរញ្ញវត្ថុក្នុងស្រុកនៅតែវិជ្ជមាន ថ្វីត្បិតតែជួបការលំបាកជួបប្រទះក៏ដោយ និយាយជារួមរយះពេល០២ ទៅ៣ខែក្រោយនេះបានងើបឡើង។ ហើយដោយសារប្រទេសកម្ពុជា រដ្ឋាភិបាលបានគ្រប់គ្រងបញ្ហាកូវីដ១៩បានល្អប្រសើរ មិនមានការបិទប្រទេស ឬមួយក៏ត្រឡប់ដើរវិញ ហើយប្រជាជនយើងក៏នៅតែប្រកបរបរ ធ្វើដំណើរធម្មតា។

រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ប្រាក់ ដើម្បីសម្រួលស្ថានភាពសេដ្ឋកិច្ច ដូចផ្តល់កញ្ចប់ថវិកាទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារ SME ជាដើម និងកញ្ចប់ថវិកាផ្សេងៗ ដើម្បីឆ្លើបនឹងនឹងវិបត្តិកំពុងកើតមាន។

ការប្រកួតប្រជែងរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅកម្ពុជា

យោងតាមស្ថានភាពបច្ចុប្បន្ន ធនាគារ Shinhan និងធនាគារ KB Kookmin Bank បានចូលទីផ្សារកម្ពុជាតាមរយៈការបង្កើតស្ថាប័នសាជីវកម្ម ខណៈធនាគារ Woori បានទិញធនាគារក្នុងស្រុក និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា។

ធនាគារ Shinhan បានចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះ មកធនាគារបានពង្រីកសាខារបស់ខ្លួនយ៉ាងសកម្មនៅទូទាំងប្រទេសកម្ពុជា។ ធនាគារឲ្យដឹងថា បច្ចុប្បន្ននេះមានសាខាប្រាំមួយនៅទីនោះ ប៉ុន្តែគ្រោងនឹងបន្ថែមពីរបន្ថែមទៀតនៅចុងឆ្នាំនេះ។

ប្រហែល ៩០ ភាគរយនៃអតិថិជននៅកម្ពុជាគឺជាអ្នកស្រុក មិនដូចប្រទេសវៀតណាមទេធនាគារកូរ៉េផ្តោតតែលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនកូរ៉េខ្លួន។ ការឆ្លុះបញ្ចាំងពីអាងអតិថិជនរបស់ខ្លួននៅកម្ពុជា ធនាគារ Shinhan បានផ្តោតទៅលើប្រាក់កម្ចីរាយនៅកម្ពុជាច្រើនឆ្នាំមកហើយ។ទ្រព្យសរុបរបស់ Shinhan Bank Cambodia’s មានតម្លៃគិតជាទឹកប្រាក់ ១៨៨ លានដុល្លារនៅក្នុងឆ្នាំ ២០១៧ និងកើនឡើងដល់ ២៥១ លានដុល្លារកាលពីឆ្នាំ ២០១៨។ រហូតមកដល់ចុងខែមីនាទ្រព្យរបស់ខ្លួនមានតម្លៃគិតជាទឹកប្រាក់ ៣១១ លានដុល្លារ។

ធនាគារ KB Kookmin Bank បានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Liiv  របស់ខ្លួនយ៉ាងសកម្មដើម្បីទាក់ទាញអតិថិជននៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់កម្មវិធីមានចំនួនសរុប ១១,៩០០ នាក់ នៅពេលដែលធនាគារនេះបានបើកដំណើរការនៅឆ្នាំ ២០១៦ ប៉ុន្តែឥឡូវនេះវាមានអ្នកប្រើប្រាស់ ៧៨,០០០ នាក់។

កម្មវិធីនេះផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយអាស្រ័យលើហាងដែលបានសហការជាមួយខ្លួន នៅកម្ពុជា។ ដោយឆ្លុះបញ្ចាំងពីការកើនឡើងចំនួនពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ Liiv ក៏បានផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។

ធនាគារ KB Cambodia ទទួលបានប្រាក់កម្រៃពីសេវាបង់ប្រាក់បញ្ញើនៅក្រៅប្រទេសចំនួន ១៤៣,០០០ ដុល្លារតាមរយៈកម្មវិធីនេះកាលពីឆ្នាំមុន។ ធនាគារ Woori បានប្តូរឈ្មោះពីរសាខាកម្ពុជាដែលខ្លួនបានទិញនៅក្នុងកម្ពុជាទៅជា Woori Bank Finance និង Woori Finance Cambodia ។

ធនាគារ Woori ឲ្យដឹងថា វានឹងមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនៅដំណាច់ឆ្នាំនេះ ខណៈធនាគារទទួលបានការផ្តល់សេវាមីក្រូហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ មន្ត្រីធនាគារមួយរូបបាននិយាយថា “យើងមិនគ្រាន់តែផ្តល់សេវាប្រាក់កម្ចីនៅតាមសាខារបស់យើងទេ យើងថែមទាំងឆ្លើយតបជាមួយអតិថិជនតាមសំណើរបស់ពួកគេដើម្បីផ្តល់ប្រាក់កម្ចីដល់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here