ផ្សារហ៊ុននៅតំបន់អាសុីដាំក្បាលចុះ ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ

ហុងកុង: ផ្សារហ៊ុននៅក្នុងតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគព្រួយបារម្ភពីការកាត់បន្ថយអត្រាការប្រាក់ចុងក្រោយរបស់ប្រទេសចិនគឺមិនគ្រប់គ្រាន់ក្នុងការជំរុញទំនុកចិត្តលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងកំពុងរង់ចាំកញ្ចប់វិធានការជំរុញដ៏ទូលំទូលាយដោយទីក្រុងប៉េកាំង។

នៅថ្ងៃអង្គារនេះ ប្រទេសចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីគោលសំខាន់ៗចំនួន២ជាលើកដំបូងក្នុងរយៈពេល១០ខែកន្លងមកនេះ ជាក់ស្តែង អត្រាប្រាក់កម្ចីគោលរយៈពេលមួយឆ្នាំ (LPR) បានធ្លាក់ចុះ១០ពិន្ទុមូលដ្ឋានមកត្រឹម៣,៥៥% ហើយអត្រា LPR រយៈពេលប្រាំឆ្នាំត្រូវបានកាត់បន្ថយ១០ពិន្ទុមូលដ្ឋានដូចគ្នាមកនៅត្រឹម៤,២០%។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,៦៩ភាគរយ។ សន្ទស្សន៍ CSI គោលរបស់ប្រទេសចិនបានធ្លាក់ថ្លៃ០,០៣ភាគរយ ខណៈទីផ្សារហ៊ុនសហរដ្ឋអាមេរិកត្រូវបានបិទកាលពីថ្ងៃចន្ទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Redmond Wong អ្នកយុទ្ធសាស្រ្តទីផ្សារ Greater China នៅក្រុមហ៊ុន Saxo Markets បានលើកឡើងថា “ខ្ញុំមិនគិតថាការកាត់បន្ថយអត្រា LPR នឹងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្ថានភាពទៅកាន់កម្រិតមួយគួរឱ្យកត់សម្គាល់នោះទេ”។

ជាក់ស្តែង សន្ទស្សន៍ផ្សារហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះ០,៧៤ភាគរយនៅក្នុងការជួញដូរដំបូង។

ការកាត់បន្ថយអត្រាការប្រាក់គឺជាចំណាត់ការចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ស្របពេលមានហានិភ័យនៃបរិត្តផរណា វិបត្តិទីផ្សារអចលនទ្រព្យ និងការអត់ការងារធ្វើរបស់យុវជន។

ផ្សារហ៊ុនហុងកុងបានដាំក្បាលចុះ១,០៣ភាគរយ ដោយសូចនាករបច្ចេកវិទ្យារបស់ខ្លួនបានធ្លាក់ចុះ១,៥៨ភាគរយនៅថ្ងៃអង្គារនេះ។ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនស្ទើរតែនៅទ្រឹងក្នុងការជួញដូរជាមួយនឹងការធ្លាក់ថ្លៃត្រឹមតែ០,០៥ភាគរយ។

ផ្សារហ៊ុនអូស្ត្រាលីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតរយៈពេលប្រាំពីរសប្តាហ៍នៅថ្ងៃអង្គារនេះ ខណៈក្រុមឈ្មួញកំពុងរង់ចាំនាទីនៃកិច្ចប្រជុំគោលនយោបាយខែមិថុនារបស់ធនាគារកណ្តាលអូស្ត្រាលីសម្រាប់ការយល់ដឹងបន្ថែមទៀតអំពីផ្លូវនៃអត្រាការប្រាក់។តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១,៣៨ភាគរយមកត្រឹម៧០,៧៩ដុល្លារក្នុងមួយបារ៉ែល ហើយប្រេង Brent មានតម្លៃ៧៥,៨៣ដុល្លារក្នុងមួយបារ៉ែល ពោលលគឺធ្លាក់ចុះ០,៣៤ភាគរយនៅថ្ងៃអង្គារនេះ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានហក់ឡើង០,០៨៨ភាគរយ ដោយប្រាក់អឺរ៉ូធ្លាក់ថ្លៃចុះ០,១ភាគរយដល់១,០៩១ដុល្លារក្នុងមួយអឺរ៉ូ។ ចំណែកទិន្នផលរតនាគារគោលរបស់សហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានកើនឡើង៣,៣ពិន្ទុមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here