ក្រោយពីបានចំណាយពេលអស់៣ឆ្នាំ គម្រោង”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ”នៅក្នុងភូមិពើងឆ័ត្រទទួលបានជោគជ័យ

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ គំរោងនេះបានមកដល់ទីបញ្ចប់ ប្រកបដោយសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ប្រែក្លាយភូមិដ្ឋានមួយដែលក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រីនេះ ឱ្យទៅជាសហគមន៍ដ៏រស់រវើក និងចាប់ផ្តើមមានលទ្ធភាព អាចម្ចាស់ការដើរបន្តដោយខ្លួនឯងបាន។

កាលពី២០២០ រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជ្រើសរើសយកភូមិពើងឆ័ត្រដើម្បីអនុវត្តសាកល្បងគម្រោង ”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ដែលជាទម្រង់ថ្មីមួយ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងកែប្រែស្ថានភាព នៅក្នុងសហគមន៍ទាំងមូល ផ្តល់ភាពរឹងម៊ាំនិងលំនឹងជីវិត ព្រមទាំងអាចអភិវឌ្ឍន៍បន្ត ក្រោយពេលគម្រោងត្រូវបានបញ្ចប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកភូមិពើងឆ័ត្របានប្តូរ ពីទម្លាប់រស់នៅដាច់ដោយឡែកៗពីគ្នា មកជារបៀបរស់នៅជាសហគមន៍ មានរចនាសម្ព័ន្ធគ្រប់គ្រង មានថវិកាសន្សំរបស់ខ្លួន ពីការរស់នៅបណ្តែតបណ្តោយ តាមយថាកម្ម មកធ្វើជាម្ចាស់ នៅលើបញ្ហាប្រឈម នៅក្នុងសហគមន៍របស់ខ្លួន ពីរុកចូលព្រៃធ្វើចំណាកស្រុកដើម្បីចិញ្ចឹមក្រពះ មកជាអ្នកដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំដើម្បីផ្គត់ផ្គង់ជីវភាពវិញ។

ពួកគាត់បានផ្លាស់ប្តូរ ពីផ្ទះសម្បែងមិនសូវមានរបៀបរៀបរយ និងជួនកាលគ្មានសូម្បី តែបង្គន់អនាម័យប្រើប្រាស់ មកជាមានលំនៅឋានសមរម្យថ្លៃថ្នូរ អាចរស់នៅបានសឹងតែគ្រប់ៗគ្នា ពីគ្មានទឹកបរិ​ភោគប្រើប្រាស់នៅរៀងរាល់រដូវប្រាំង មកជាមានបណ្តាញទឹកស្អាតរបស់សហគមន៍ បំបែករត់មកដល់ផ្ទះរៀងៗខ្លួន ពីសម្លេងគាំទ្រការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ត្រឹមតែជាង៣០%កាលពី៥ឆ្នាំមុន មកជាតំបន់ ដែលផ្តល់ការគាំទ្រដល់មេភូមិរបស់ខ្លួន ដល់ទៅជិត៩០% នេះបើយោងតាមលទ្ធផលបោះឆ្នោត ឃុំសង្កាត់កាលពីឆ្នាំ២០២២។

ក្នុងនាមជាអតីតអភិបាលស្រុក ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការអនុវត្ត គម្រោងលើកស្ទួយជីវភាពមួយនេះ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលលើសពីការរំពឹងទុកបែបនេះ ហើយពិតជារំភើប ដែលត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យត្រលប់មកចូលរួមជាអធិបតីនៅក្នុងពិធីបិទជាផ្លូវការនៃគម្រោង។

លោកបន្តថា “អ្វីដែលគួរឱ្យរំភើបបំផុតនោះ គឺការរំភើបចិត្តទៅនឹងការចេះសាមគ្គីគ្នា ការលះបង់ចូលរួមថវិកាដើម្បីប្រយោជន៍រួម និងការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងសហគមន៍”។ លោកបន្តថា “សង្ឃឹមថាវប្បធម៌បែបនេះ នឹងនៅតែបន្តឋិតឋេរយូរអង្វែងតទៅមុខទៀត ទោះបីជាគម្រោងត្រូវបានបញ្ចប់រួចក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here