បណ្ឌិតអ៊ិន ចាន់នី៖ ប្រាក់ចំណូលរបស់ធនាគារ អាចកើនឡើងលើសឆ្នាំមុនតិចតួច

ដោយ៖ លក្ខិណា
ភ្នំពេញ៖ បើទោះបីជាប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ និងធ្វើឱ្យវិស័យជាច្រើនបានរងផលប៉ះពាល់យ៉ាងណាក្ដី តែសម្រាប់វិស័យធនាគារវិញ ឃើញថា នៅតែមានសកម្មភាព និងដំណើរការទៅយ៉ាងរលូន។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារ និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍សប្តាហ៍មុនថា បើតាមមើលសន្ទុះ និងប្រតិបត្តិការធនាគារ សម្រាប់ឆ្នាំ ២០២០នេះ ប្រាក់ចំណូលអាចនឹងកើនឡើងលើសឆ្នាំមុនតិចតួច។

លោកបណ្ឌិត បានមានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យវិស័យដទៃទៀតបានរងផលប៉ះពាល់ ក្នុងនោះក៏មានវិស័យធនាគារដែរ ក៏ប៉ុន្តែដោយសារតែការចាត់ចែងរបស់រាជរដ្ឋាភិបាល និងការអនុគ្រោះរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យ ឯកជនមួយចំនួនបានកាត់បន្ថយនូវផលប៉ះពាល់មួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា សម្រាប់វិស័យធនាគារ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈនិយ័តកម្មផ្សេង ដូចជាបន្ធូរបន្ថយទុនបម្រុង បន្ធូរបន្ថយសោធុនភាព សម្រួលឥណទានដែលយកពីបរទេសដោយពន្ធកាត់ទុក និងផ្សេងៗ។ ចំណែកឥណទានមិនដំណើរការ ក្នុងឆ្នាំ ២០២០នេះ ក៏មានការកើនឡើងមួយកម្រិតផងដែរ ពីព្រោះថា វិស័យផ្សេងៗបានរងផលប៉ះពាល់ ដូច្នេះវិស័យ ធនាគារក៏មានផលប៉ះពាល់ដូចគ្នាដែរ។

លោកបន្ថែមទៀតថា ដោយសារតែមានផលប៉ះពាល់ពីវិបត្តិកូវីដ រាជរដ្ឋាភិបាលបានជំរុញឱ្យរៀបចំឥណទានឡើងវិញ ដោយគិតត្រឹមចុងខែតុលា វិស័យធនាគារបានបានរៀបចំឥណទានឡើងវិញ បានប្រមាណ២៧ម៉ឺនឥណទាន គិតជាទឹកប្រាក់ជា៣ពាន់លានដុល្លារអាមេរិក។

ស្រដៀងគា្ននេះដែរ លោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ ក៏បានលើកឡើងផងដែរថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់ទទទួលបានភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីទទួលរងគ្រោះដោយសារកូវីដ១៩ តាំងពីពេលមានការរីករាលដាលនៃជំងឺកូវីដ១៩មក រហូតដល់ពាក់កណ្ដាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here