ដោយៈ ហ្វីអូណា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ អនុក្រឹត្យលេខ១២២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពី សភាពាណិជ្ជកម្មកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមអ្នកលក់រថយន្តកម្ពុជា ធុរជន និងជើងសាគយពាក់ព័ន្ធសរុប ២៨៤ រូប និង មន្ត្រីគយនិងរដ្ឋាករ ចំនួន ២៧១ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធគយ និងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ។
លោកបន្តថា កន្លងមក អត្រាពន្ធ និងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាព នៃការជំរុញសកម្មភាពពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។
លោកបណ្ឌិតគុណ ញឹមបានគូសរំលេចនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធនិងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានា រួមមាន វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារបរិស្ថាន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេស ក្នុងបរិបទដែលកម្ពុជាបាន និងកំពុងរងនូវផលប៉ះពាល់ខ្លាំងបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល។
តាមរយៈបទបង្ហាញរបស់មន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មានទ្រង់ទ្រាយធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់១៤៤៣បន្ទាត់ពន្ធ។ ក្នុងចំណោមនោះភាគច្រើនគឺជាការ “ការបញ្ចុះអត្រា” លើក្រុមទំនិញមានមុខសញ្ញាលើកទឹកចិត្ត ក្នុងគោលបំណងលើកទឹកចិត្តបន្ថែមទៀត ដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល មុខទំនិញមួយចំនួន ដែលបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងមុខទំនិញយានយន្ត ដើម្បីរួមចំណែកជួយដល់វិស័យឡូជីស្ទីក ដែលជួបប្រទះការលំបាកបណ្តាលមកពីវិបត្តិនៃការផ្ទុះរាលដាលជម្ងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងការថមថយកំណើនសេដ្ឋកិច្ចសកល។
ទន្ទឹមនេះ ក៏មាន “ការដំឡើងអត្រាពន្ធ និងអាករ” លើមុខទំនិញមួយចំនួនតូច ដែលមិនសូវមានការនាំចេញនាំចូល ក្នុងគោលដៅធ្វើឱ្យមានសង្គតិភាពគ្នា ទៅនឹងអត្រាពន្ធនិងអាករ នៃមុខទំនិញប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ដោយសារការ “បញ្ចុះអត្រា” មានច្រើនជាងការ “ដំឡើងអត្រា” នេះហើយ ទើបធ្វើឱ្យអត្រាពន្ធមធ្យម (Unweighted Average Tariff Rate) របស់តារាងពន្ធគយកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធនិងអាករនេះ ចូលជាធរមាន នឹងថយចុះពី ១១.៦២% មកត្រឹម ១០.៧៦% ប៉ុណ្ណោះ ដែលជាសូចនាករមួយ ឆ្លុះបញ្ចាំងពីជំហានថ្មីមួយទៀត នៃការកាត់បន្ថយរបាំងពន្ធគយរបស់កម្ពុជា៕