ផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃតាមសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីវគ្គជួញដូរដែលមានការហក់ឡើងថ្លៃនៅសង្កាត់ Wall Street ខណៈវិនិយោគិនបានបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ។

វិនិយោគិននឹងតាមដានយ៉ាងដិតដល់នូវទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារ ហើយទិន្នន័យសន្ទស្សន៍តម្លៃអ្នកផលិត (PPI) នឹងចេញផ្សាយនៅថ្ងៃពុធ សម្រាប់ដឹងថាតើវដ្តនៃការរឹតបន្តឹងរបស់ធនាគារ Fed គ្រប់គ្រងបានល្អប៉ុណ្ណាក្នុងការទប់ស្កាត់អតិផរណា។

ក្រុមវិនិយោគិន និងអ្នកយុទ្ធសាស្រ្តបានលើកឡើងថា ការហក់ឡើងនៃសន្ទស្សន៍ភាគហ៊ុន មួយផ្នែកបានឆ្លុះបញ្ចាំងពីការរំពឹងទុកសម្រាប់ការផ្អាកការរឹតបន្តឹងរបស់ Fed ជាលើកដំបូងចាប់តាំងពីខែមករាឆ្នាំ២០២២ និងការព្យាករណ៍ថា សន្ទស្សន៍ CPI និង PPI នឹងធ្លាក់ចុះទាបជាងខែមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងប្រទេសចិន ដើម្បីជំរុញសេដ្ឋកិច្ច ធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាការប្រាក់បញ្ច្រាសរយៈពេលប្រាំពីរថ្ងៃ(Seven-day reverse repo rate)របស់ខ្លួនចំនួន១០ពិន្ទុមូលដ្ឋានមកនៅត្រឹម១,៩០ភាគរយពី២ភាគរយនៅថ្ងៃអង្គារនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,៣ភាគរយ ខណៈដែលអនាគតភាគហ៊ុនរបស់សហរដ្ឋអាមេរិក U.S. stock futures – S&P 500 e-minis បានហក់ឡើងថ្លៃ០,១ភាគរយ។

ភាគហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើងថ្លៃ១,៥៩ភាគរយ ហើយភាគហ៊ុនរបស់អូស្រ្តាលីបានដាំក្បាលចុះ០,០៣ភាគរយ។ សន្ទស្សន៍ Blue-chip CSI300 របស់ចិនហក់ឡើង០,០៥ភាគរយក្នុងការជួញដូរដំបូង។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានដាំក្បាលចុះ០,២ភាគរយ។ កាលពីថ្ងៃចន្ទ ផ្សារហ៊ុន S&P 500 និង Nasdaq បានហក់ឡើងថ្លៃដល់កម្រិតបិទខ្ពស់បំផុតរបស់ពួកគេចាប់តាំងពីខែមេសា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here