តម្លៃផ្ទះ និងការលក់ផ្ទះថ្មីនៅប្រទេសចិនធ្លាក់ចុះបន្តិចនៅក្នុងខែឧសភា

ដោយ: គង់ លាងហួរ
ប៉េកាំងៈ តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ខែក្នុងខែឧសភា ហើយការលក់ផ្ទះបានធ្លាក់ចុះ ដោយបន្ថែមសម្ពាធទៅលើទីផ្សារអចលនទ្រព្យដែលកំពុងតស៊ូដើម្បីរក្សាស្ថិរភាពពីការដាំក្បាលចុះខ្លាំង។

តម្លៃផ្ទះថ្មីក្នុងចំណោមទីក្រុងចំនួន១០០ បានធ្លាក់ចុះ០,០១ភាគរយពីមួយខែទៅមួយខែក្នុងខែឧសភា ពីកំណើន០,០២ភាគរយកាលពីខែមេសា។នេះបើយោងតាមទិន្នន័យស្ទង់មតិចេញផ្សាយពីវិទ្យាស្ថាន China Index Academy នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យChina Index Academy បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃពុធថា “បើគិតជាតម្លៃ ការលក់ផ្ទះដោយក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ១៨,៨%ធៀបនឹងខែមេសា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះបានអះអាងទៀតថា “ទីផ្សារអចលនទ្រព្យស្ថិតនៅក្រោមសម្ពាធនៃការកែតម្រូវកាន់តែខ្លាំង ហើយអារម្មណ៍របស់អ្នកទិញផ្ទះបានបន្តធ្លាក់ចុះនៅក្នុងខែឧសភា”។

វិស័យអចលនទ្រព្យចិនបានទទួលការជំរុញពីការកាត់បន្ថយការទប់ស្កាត់ជំងឺកូវីដដ៏តឹងតែង អត្រាការប្រាក់កម្ចីទិញផ្ទះទាប និងវិធានការគាំទ្រគោលនយោបាយមួយចំនួន។

ទោះជាយ៉ាងនេះក្តី តម្រូវការនៅក្នុងទីក្រុងតូចៗនៅតែជួបប្រទះការធ្លាក់ចុះ ដោយសារអ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយធំ ស្របពេលមានការព្រួយបារម្ភអំពីប្រាក់ចំណូល និងការងារ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយជំងឺរាតត្បាតបាត់បង់ថាមពល។

នៅក្នុងចំណោមទីក្រុងចំនួន១០០ ដែលធ្វើការស្ទង់មតិដោយក្រុមហ៊ុនខាងលើ ក្នុងនោះទីក្រុងចំនួន២៩ បានរាយការណ៍ពីការកើនឡើងនៃតម្លៃផ្ទះក្នុងរយៈពេលប្រចាំខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here