ទីក្រុងសៀងហៃដាក់ចេញវិធានការលើកទឹកចិត្តផ្នែកពន្ធ និងធានាតម្លៃដីធ្លីដល់ក្រុមហ៊ុនឯកជន

ដោយ: គង់ លាងហួរ

សៀងហៃ: មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ របស់ប្រទេសចិនបានដាក់ចេញនូវវិធានការនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធ និងការចំណាយលើមូលនិធិទាប ជាងមុនដើម្បីជំរុញការវិនិយោគឯកជន។

លោក Gu Jun ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ក្រុងសៀងហៃ បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ការវិនិយោគឯកជន នៅទីក្រុងសៀងហៃ បានកើនឡើង១៩,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យមានការងើបឡើងវិញ ពីមូលដ្ឋានទាបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារជំងឺកូវីដ-១៩។

វិធានការរួមមានការបំបែករបាំងឧបសគ្គ ដែលមើលមិនឃើញ ដើម្បីធានាការចូលដំណើរការទីផ្សាររួម សម្រាប់សហគ្រាសឯកជន និងលើកទឹកចិត្តឱ្យពួកគេ ចូលរួមក្នុងគម្រោងធំៗ នៅក្នុងផែនការរយៈពេល៥ឆ្នាំលើកទី១៤ (២០២១-២០២៥)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអាជ្ញាធរនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់សហគ្រា សធុនតូច ខ្នាតតូច និងមធ្យម និងការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយតម្លៃដីទាបនឹងត្រូវបានធានា។

អាជ្ញាធរក៏នឹងជួយពង្រីកបណ្តាញ ផ្តល់មូលនិធិសម្រាប់សហគ្រាសឯកជន និងណែនាំស្ថាប័នហិរញ្ញវត្ថុនានា ឱ្យគាំទ្រគម្រោងទាំងនេះជាមួយនឹងការចំណាយមូលនិធិទាបជាងមុន។

ក្រុមហ៊ុនមូលធនឯកជន នឹងត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើគម្រោងច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជីវវេជ្ជសាស្ត្រ និងឧស្សាហកម្មបញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងថាម ពលកុំព្យូទ័រ និងថាមពលកកើតឡើងវិញផងដែរ។

អាជ្ញាធរក៏បានចាត់វិធានការ ដើម្បីធ្វើឱ្យការវិនិយោគឯកជនក្នុងវិស័យអចលនទ្រព្យមានស្ថិរភាព និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគ លើការរស់ឡើងវិញនៅតាមជនបទ និងសេវាសង្គម ដូចជាការថែទាំសុខភាព និងការអប់រំផងដែរ។

លោក Gu Jun បានបន្ថែមថា “នៅក្នុងជំហានបន្ទាប់ យើងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងនេះ ដើម្បីធានាបាននូវបរិមាណ និងគុណភាពនៃការវិនិយោគឯកជន និងផ្តល់នូវតួនាទីកាន់តែប្រសើរឡើងដល់ការវិនិយោគឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here