ប្រាក់បាតថៃក្លាយទៅជារូបិយប័ណ្ណមានការប្រែប្រួលខ្លាំងបំផុតទី២នៅតំបន់អាស៊ី បន្ទាប់ពីប្រាក់យ៉េន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទស្សនវិស័យហិរញ្ញវត្ថុថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះបានឱ្យដឹងថា តម្លៃប្រាក់បាតបានប្រែប្រួលកាន់តែខ្លាំងឡើង ដែលបានជះផលប៉ះពាល់ដល់ការវិនិយោគរបស់បរទេសនៅក្នុងប្រទេសថៃផងដែរ។

យោងតាមការវិភាគហិរញ្ញវត្ថុដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KBank ក្នុងប្រទេសថៃ បានឱ្យដឹងថា កត្តាខាងក្នុង និងខាងក្រៅ ដូចជាទស្សនវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ទស្សនវិស័យប្រាក់យ័ន និងទស្សនៈឆ្ពោះទៅរកការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិន  និងនយោបាយថៃ ជាពិសេសនៅក្នុងបរិបទនៃការបោះឆ្នោតក្នុងខែឧសភា ឆ្នាំ២០២៣ របស់ខ្លួនបាននាំឱ្យមានការបម្រែបម្រួលប្រាក់បាតបន្ថែមទៀតនៅឆ្នាំនេះ។

រូបិយប័ណ្ណថៃបានក្លាយទៅជារូបិយប័ណ្ណដែលមានការប្រែប្រួលខ្លាំងបំផុតទីពីរនៅតំបន់អាស៊ី បន្ទាប់ពីប្រាក់យ៉េនរបស់ជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ជូនដំណឹងថា រូបិយប័ណ្ណឈានមុខគេភាគច្រើននៅទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយប្រាក់ដុល្លារអាមេរិក និងទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed ។

ទោះជាយ៉ាងណាក្តី ការកើនឡើងនៃតម្លៃប្រាក់បាតក៏ត្រូវបានគេវាយតម្លៃថា បណ្តាលមកពីកត្តាជាក់លាក់នៅក្នុងប្រទេសថៃ រួមទាំងកត្តាទាក់ទងនឹងនយោបាយ និងជាពិសេសភាពរសើបរបស់ប្រទេសថៃចំពោះតម្លៃមាសពិភពលោក។

ដូច្នេះ ក្រុមអ្នកវិភាគហិរញ្ញវត្ថុត្រូវការតាមដានស្ថានភាពនយោបាយក្នុងស្រុក បន្ទាប់ពីការបោះឆ្នោតសកល ដើម្បីដឹងថាតើប្រាក់បាតនឹងដំណើរការយ៉ាងដូចម្តេចនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

នាពេលអនាគតដ៏ខ្លី ប្រាក់បាតត្រូវបានគេរំពឹងថា នឹងមានតម្លៃ៣៣,៨០ ទៅ៣៥,៤០បាត ក្នុងមួយដុល្លារអាមេរិក USD ក្នុងរយៈពេលខ្លី  ដោយសារតែភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីកត្តាជាច្រើន រួមទាំងពិដានបំណុលរបស់សហរដ្ឋអាមេរិក ទស្សនវិស័យអត្រាការប្រាក់របស់ធនាគារ Fed និងស្ថានភាពនយោបាយនៅប្រទេសថៃ។

ដូច្នេះ ទស្សនវិស័យទេសចរណ៍របស់ប្រទេសថៃមានសារៈសំខាន់ខ្លាំងនៅឆ្នាំនេះ ពីព្រោះប្រសិនបើការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ថៃមានភាពស៊ីសង្វាក់គ្នា និងអាចទ្រទ្រង់បាន នោះវានឹងជាអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចថៃទាំងមូល និងជួយពង្រឹងប្រាក់បាតថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here