IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកដល់១,៧ភាគរយសម្រាប់ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឆ្នាំ២០២៣បន្តិច ខណៈដែលកត់សម្គាល់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនឹងនាំឱ្យមានការកើនឡើងតិចតួចនៃភាពអត់ការងារធ្វើនៅឆ្នាំ២០២៤។

នាយកគ្រប់គ្រង IMF លោក Kristalina Georgieva បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយភ្លាមៗបន្ទាប់ពីតួលេខធ្វើបច្ចុប្បន្នភាពត្រូវបានចេញផ្សាយថា “សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីភាពធន់”។

លោក Georgieva ក៏បានព្រមានអំពីភាពជាប់គាំងដែលកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិក ជុំវិញការបង្កើនកម្រិតនៃពិដានបំណុល ហើយលោកបានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាងាកមករកដំណោះស្រាយឱ្យបានលឿន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IMF បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដនៅក្នុងសហរដ្ឋអាមេរិកនឹងកើនឡើង១,៧ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍លើកមុនត្រឹមតែ១,៦ភាគរយកាលពីដើមឆ្នាំនេះ មុនពេលធ្លាក់ចុះដល់១ភាគរយនៅឆ្នាំ២០២៤ខាងមុខ។

យោងតាមសេចក្តីថ្លែងការណ៍របស់ IMF បានឱ្យដឹងទៀតថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុតត្រូវបានរំពឹងថា នឹងកើនឡើងបន្តិចបន្តួច ដែលជំរុញឱ្យអត្រានេះកើនឡើងដល់៤,៤% នៅចុងឆ្នាំ២០២៤។

ការព្យាករណ៍ថ្មីរបស់ IMF បានធ្វើឡើង បន្ទាប់ពីមានទិន្នន័យថ្មីៗដែលបង្ហាញពីសេដ្ឋកិច្ចអាមេរិកដែលមានភាពធន់ទោះបីជាមានយុទ្ធនាការដ៏ខ្លាំងក្លានៃការដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណាដោយធនាគារកណ្តាលអាមេរិក និងភាពតានតឹងថ្មីៗនៅក្នុងវិស័យធនាគារយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here