កម្ពុជាត្រៀមខ្លួនសហការជាមួយសាធារណរដ្ឋកូរ៉េក្នុងការ ជំរុញសេដ្ឋកិច្ចបៃតង

ដោយៈ ហ្វីអូណា

ភ្នំពេញៈ “ពិតមែនតែកម្ពុជា គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកា​សធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសតាមរយៈការចូលរួមអនុវត្តកិច្ចព្រមព្រៀង បរិស្ថានអន្តរជាតិទាំងអស់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន”។

លោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធា​នទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា តំណាង លោកសាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្នុងកម្មវិធីបណ្តាញបៃតងសកលកូរ៉េ២០២៣ (Global Green Hub Korea 2023) ក្រោមអធិបតីភាព លោកហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណ:រដ្ឋកូរ៉េ និងការចូលរួមពីតំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណជាង៤០០ នាក់ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៣ នៅសាថារណរដ្ឋកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទិន ពន្លក បានបន្ថែមថា សុខសន្តិភាព និងស្ថិរភាពនយោ​បាយពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ បានផ្តល់ឱកាសដល់កម្ពុជា អភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយប្តេជ្ញាសម្រេចគោលដៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០  ដោយធានាបាននូវបរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។

លោកទិន ពន្លក បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាផែនការនានាដែលកំពុងអនុវត្ត សំដៅរជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ។ ជាពិសេស កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាស៊ានទី១  ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយគោ​លដៅជាក់លាក់ ក្នុងការសម្រេចបាននូវសមតុល្យសូន្យ នៃការបញ្ចេ​ញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៥០។

គណៈប្រតិភូកម្ពុជា ក៏បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនឯកជនកូរ៉េមួយចំនួន អំពីឱកាសវិនិយោគលើគម្រោងគ្រប់គ្រង និងកែច្នៃសំណល់នៅកម្ពុជា។

ដើម្បីសម្រេចបាននូវគោលដៅ ប្រកបដោយមហិច្ឆិតានេះ កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ ក្នុងការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានចក្ខុវិស័យរួម គឺជាកត្តាចាំបា​ច់​មួយ ដែលធានានូវជោគជ័យនៃការអភិវឌ្ឍបៃតង ហើយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេសឈានមុខមួយក្នុងវិស័យនេះ មានតួនាទីសំខាន់ នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេសការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព    បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។

លោកក៏បានរំលេចនូវវឌ្ឍនភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ជាអាទិ៍ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ផែនទីបង្ហាញផ្លូវសម្រាប់ការប្រើប្រាស់និងផលិតកម្មប្រកបដោយនិរន្តរភាព គោលការណ៍ណែនាំនិងវិញ្ញាប​នបត្រកម្មអគារបៃតង។ល។

លោកបានលើកទឹកចិត្តឲ្យមានការគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីភាគីកូរ៉េខាងត្បូង ជាពិសេសតាមរយៈការវិនិយោគឯកជន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅកម្ពុជា ក្នុងវិស័យគ្រប់គ្រង និងកែច្នៃសំណល់ ថាមពលនិរន្តរភាព ដំណោះស្រាយផ្អែកលើធម្មជាតិ គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃ​តង សហគ្រិនភាពបច្ចេកវិទ្យាបៃតង ការអភិវឌ្ឍធនធានមនុស្ស និង​ការទូតបៃតង។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយដ៏រឹងមាំ និងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកប្រកបដោយវិបុលភាព បរិយាបន្ន មាធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here