សភាពាណិជ្ជកម្មកម្ពុជាកំពុងជួយជំរុញការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ

ដោយ:គង់ សិរីម៉ាលីនណា

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សក្តានុពលទីផ្សារមូលបត្រ ចំពោះនិរន្តភាពអាជីវកម្មនៅកម្ពុជា ជូនដល់សមាជិករបស់ខ្លួន ដើម្បីចូលរួមលើកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេងកាលពីថ្ងៃទី២៧ ខែតុលាកន្លងមកបានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ពីអត្ថប្រយោជន៍ជាច្រើន ក្នុងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រដល់សមាជិក ដែលជាសហគ្រាសពាណិជ្ជកម្មសក្តានុពល ដើម្បីអាចត្រៀមខ្លួនក្នុងការស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលបត្រនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រងក្រុមហ៊ុន ដើម្បីឲ្យអាជីវកម្មមាននិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការអភិវឌ្ឍសក្តានុពលរបស់ក្រុមហ៊ុន សហគ្រាសឱ្យប្រកបដោយស្ថេរភាព ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ជាពិសេសអំពីអត្ថប្រយោ​ជន៍ក្នុងការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រដល់ សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហគ្រាសពាណិជ្ជកម្មសក្តានុពល អាចត្រៀមខ្លួនក្នុងការស្វែងរកជម្រើ​ស ប្រភពហិរញ្ញប្បទានថ្មីមួយទៀត នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាការពង្រឹងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមានស្តង់ដារ និងមានអនុលោមភាពផ្នែកច្បាប់ ដើម្បីធានាបាននូវសក្តានុពល និងនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងទិសដៅឆ្លើយតបទៅនឹងបរិបទ នៃការប្រកួតប្រជែងនៅក្នុងតំបន់ និងវឌ្ឍនភាពនៃសកល ភាវូបនីយកម្មពិភពលោកផងដែរ។

បច្ចុប្បន្នក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានប្រតិបត្តិករទីផ្សារផលិតផលចំនួន៣ បានកំពុងដាក់ឱ្យជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា រួមមាន មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន), មូលបត្របំណុល (សញ្ញាបណ្ណសាជីវកម្ម) និងឧបករណ៍និស្សន្ទ ហើយនៅពេលខាងមុខគណៈកម្មការមូលបត្រកម្ពុជា នឹងដាក់ឱ្យដំណើរការគម្រោងវិនិយោគរួម(CIS)​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here