សក្ដានុពលដីធ្លីក្នុងខេត្តកំពតកាន់តែរីកសាយឆ្ងាយពីទីប្រជុំជន

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ វិស័យដីធ្លីក្នុងខេត្តកំពត កំពុងទទួលបានការអារម្មណ៍ពីវិនិយោគិនជាបន្តបន្ទាប់ ធ្វើឱ្យសក្ដានុពលនៃការរីកសាយនៃវិស័យនេះ កាន់តែឆ្ងាយពីទីប្រជុំជន ជាមួយនឹងតម្លៃកើនឡើងបន្តបន្ទាប់ បើទោះកម្ពុជាស្ថិតក្នុងដំណាក់កាលកូវីដ១៩ក្ដី។

 

បើតាមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ Kampot Street Real Estate លោកសុខ គែន បានឱ្យដឹងថា ចលនានៃការទិញលក់ដីធ្លីក្នុងខេត្តកំពតនាពេលនេះ នៅតែមមាញឹក គ្រាន់តែមានការថយចុះបន្តិចបន្តួច បើធៀបនឹងមុនកូវីដ១៩ តែយ៉ាងណាការរីកសាយនៃសក្ដានុពលដីធ្លីក្នុងខេត្តមួយនេះកាន់តែធំឡើង និងឆ្ងាយពីទីប្រជុំជន។

លោក បានឱ្យដឹងទៀតថា ការរីកសាយនៃវិស័យដីធ្លី ក្នុងខេត្តនេះ ដោយសារតែអ្នកវិនិយោគបានមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍ ដែលជាអំណោយផលក្នុងការអភិវឌ្ឍនូវអ្វី ដែលបម្រើដល់វិស័យទេសចរណ៍ នៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កាលពីមុន អ្នកវិនិយោគចង់ទិញដីនៅក្បែរៗទីប្រជុំជន ក្បែរមាត់ព្រែក គេរកបាន តែពេលនេះវិញបើចង់ទិញដីមានតម្លៃសមរម្យ ត្រូវតែទៅរកនៅឆ្ងាយពីទីប្រជុំជនបន្តិចទើបអាចរកបាន តែបើនៅក្បែរៗទីប្រជុំជនវិញ គឺវាមានតម្លៃខ្ពស់ជាងមុន និងពិបាករកបន្តិចហើយ ។

លោកថា “អ្នកទិញដី នៅកំពតពេលនេះ មួយចំនួនទុកលក់យកចំណេញ និងមួយចំនួនទៀតទុកសម្រាប់សង់ជាលំនៅឋានលំហែកាយ ពេលពួកគេទំនេរពីការងារ ឬចុងសប្ដាហ៍ជាដើម។ ដោយឡែកសម្រាប់ដីឡូត៍នាពេលនេះ គឺទីផ្សារចង្អៀតបន្តិច”។

លោកបន្ថែមថា សក្ដានុពលខេត្តកំពតសម្រាប់វិស័យទេសចរណ៍ គឺជាឱកាសក្នុងការពង្រីកវិស័យអចលនទ្រព្យផងដែរ ដូចជាសង់សណ្ឋាគារ លំនៅឋានលំហែកាយ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា តម្រូវការច្រើនធ្វើឱ្យតម្លៃឡើងថ្លៃ ជាធម្មតាទៅហើយ។ ការអភិវឌ្ឍនៅក្នុងខេត្តកំពតនៅពេលនេះ គឺកំពុងបង្ហាញការចាប់អារម្មណ៍ថ្មីពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងខេត្តមួយនេះកាន់តែតម្លៃនិងភាពទាក់ទាញ។

លោកបន្តថា កំពតគឺជាខេត្តមិនឆ្ងាយពីរាជធានីភ្នំពេញ គឺប្រមាណ២ម៉ោងប៉ុណ្ណោះ នឹងទៅដល់ខេត្តកំពត ហើយកំពតមានរមណីយដ្ឋានជាច្រើនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត ក្នុងនោះមានឆ្នេរ សមុទ្រ មានជ្រោះ មានព្រែកនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត។ ការវិនិយោគកន្លែងស្នាក់នៅ លំនៅឋានលំហែកាយ គឺជាឱកាសសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស តែត្រូវមានការទាក់ទាញដល់ពួកគេ ទើបទទួលបានការគាំទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here