ដោយ៖ ម៉ាណេត
ភ្នំពេញ៖ វិបត្តិជំងឺកូវីដ១៩ បានបង្កការលំបាកធំដល់ប្រតិបត្តិការបរទេសរបស់ក្រុមធនាគារធំៗ របស់ប្រទេសកូរ៉េខាងត្បូង ពីព្រោះការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ធុរកិច្ច និងប្រតិបត្តិការដល់មុខត្រូវបានរឹតត្បិតពេញមួយឆ្នាំនេះ។
ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក្រុមធនាការធំៗទាំងនេះ បានរកឃើញឱកាសថ្មីៗពីវិបត្តិ ដែលកំពុងបន្តនេះតាមរយៈការពង្រីកបន្ថែមទៀតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការធ្វើទំនើបកម្មតាមប្រព័ន្ធឌីជីថល។
នាយកប្រតិបត្តិពីធនាគារ Shinhan ធនាគារ KB ធនាគារ Hana និងធនាការ Woori បានប្រាប់កាសែត The Korea Times ថា ក្រុមហ៊ុនរបស់ពួកគេនឹងបន្តផ្តោតលើប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ ២០២១ ដោយធ្វើតាមនិន្នាការសកលនៃប្រតិបត្តិការគ្មានទំនាក់ទំនង (ឌីជីថល) នៅទីនោះ។
លោក Cho Nam-hoon ប្រធានផ្នែកយុទ្ធសាស្រ្តសកលរបស់ធនាគារ KB បានមានប្រសាសន៍ថា “យើងរំពឹងថាប្រតិបត្តិការមិនទល់មុខ (តាមប្រព័ន្ធឌីជីថល) នឹងទទួលបានការពេញនិយមនៅក្នុងទីផ្សារហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ ដោយសារវិបត្តិជំងឺកូវី១៩។ “ដោយសារបញ្ហានេះត្រូវបានកើតឡើងនៅចិន ការផ្លាស់ប្តូរទីតាំងមូលដ្ឋានផលិតកម្មសំខាន់ៗទៅកាន់អាស៊ីអាគ្នេយ៍ទំនងជានឹងកើងឡើងច្រើន”។
តាមទស្សនៈនេះ ធនាគារ KB បានទទួលភាគហ៊ុន ៦៧ ភាគរយនៅក្នុងធនាគារ Bukopin Bank របស់ឥណ្ឌូនេស៊ីកាលពីខែកញ្ញា និងបានកាន់កាប់ភាគហ៊ុន ៧០ ភាគរយនៅក្នុងមីក្រូហិរញ្ញវត្ថុប្រាសាក់នៅកម្ពុជាកាលពីខែមេសា។
លោក Cho បាននិយាយថា “យើងនឹងបន្តស្វែងរកឱកាសអាជីវកម្មបន្ថែមនៅក្នុងប្រទេសវៀតណាម។ យើងក៏មានគម្រោងចូលទៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍របស់សឹង្ហបុរី ដែលកាន់តែមានសារៈសំខាន់ចាប់ តាំងពីមានការតវ៉ារបស់ហុងកុងមក”។
ធនាគារ KB ត្រូវបានគេចាត់ទុកថាជាអ្នកឈានមុខគេក្នុងអាជីវកម្មសកល ក្នុងចំណោមក្រុមធនាគារទាំងបួន ដូច្នេះផែនការពង្រីកនៅអាស៊ីអាគ្នេយ៍អាចក្លាយជាការប្រកួតប្រជែងដ៏ខ្លាំង ដល់គូប្រជែងធំជាងគេដូចជា ធនាគារ Shinhan ដែលបានរីកចម្រើនទៅជាធនាគារបរទេសនាំមុខគេនៅប្រទេសវៀតណាម។
លោក Jeong Ji-ho ប្រធានផ្នែកអាជីវកម្មសកលរបស់ធនាគារ Shinhan បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងផ្តោតលើការគាំទ្រក្រុមហ៊ុនបុត្រសម្ព័ន្ធវៀតណាម និងកម្ពុជានៅឆ្នាំក្រោយ។
លោកបានមានប្រសាសន៍ថា “យើងនឹងផ្តោតលើការស្វែងរកអាជីវកម្មល្អប្រសើរបំផុតសម្រាប់ប្រទេសនីមួយៗម្តងទៀតនៅឆ្នាំក្រោយ”។
កាលពីខែឧសភា ឆ្នាំនេះ ធនាគារ Shinhan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ Hana ដើម្បីសហការស្វែងរកឱកាសធុរកិច្ចនៅក្រៅប្រទេស និងមិនចូលរួមប្រកួតប្រជែងជាមួយគ្នា។
ភាពជាដៃគូរបស់ពួកគេទំនងជានឹងកាន់តែរឹងមាំថែមទៀត ព្រោះថាធនាគារ Hana បានចាត់ទុកប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាថាជាទីផ្សារបរទេស ដែលផ្តោតលើឆ្នាំក្រោយ ជំនួសឱ្យវៀតណាម និងកម្ពុជា។
លោក Lee Jong-soung ប្រធានផ្នែកយុទ្ធសាស្ត្រសកលនៃធនាគារ Hana បានមានប្រសាសន៍ថា “យើងនឹងខិតខំប្រឹងប្រែង ដើម្បីឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារមីយ៉ាន់ម៉ា ដែលយើងកាន់កាប់លំដាប់ទី ២ នៅក្នុងអាជីវកម្មមីក្រូហិរញ្ញវត្ថុ”។
លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោក ក៏នឹងផ្តោតលើទីផ្សារឥណ្ឌូនេស៊ីសម្រាប់ភាពជោគជ័យរបស់ធនាគរ Line Bank ដែលជាធនាគារឌីជីថល នឹងត្រូវបានបង្កើតឡើងនៅទីនោះឆាប់ៗនេះ ដោយសហការជាមួយអ្នកផ្តល់សេវាចល័ត”។
ទោះបីជា ធនាគារ Hana បានបោះជំហានថយក្រោយពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងប្រទេសវៀតណាមក៏ដោយ ក៏ ធនាគារ Woori បានពង្រឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោក Hwang Gyu ប្រធានផ្នែកអាជីវកម្មសកលរបស់ធនាគារ Woori បានមានប្រសាសន៍ថា “នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វៀតណាម យើងបានដំឡើងកម្មវិធី WON Banking នៅក្នុងខែមីនា ដើម្បីបង្កើនការលក់ដោយគ្មានទំនាក់ទំនង ហើយក្នុងពេលតែមួយ យើងបានចេញផ្សាយផលិតផលសន្សំតាមទូរស័ព្ទចល័តនៅទីនោះ”។
កាលពីខែតុលា លោក Woori បានចាក់បញ្ចូលប្រាក់ ១៦០ ពាន់លានវ៉ុន (១៣៤ លានដុល្លារ) ទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនតាមរយៈការចេញភាគហ៊ុនថ្មីក្នុងគោលបំណង ដើម្បីក្លាយជាធនាគារបរទេសឈានមុខគេរបស់ប្រទេសវៀតណាម។ ប្រាក់ចំនួន ១២០ ពាន់លានវ៉ុនទៀតត្រូវបានបញ្ចូលទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា៕