SME Bank ពង្រីកសាខាទៅដល់ខេត្តបាត់ដំបងហើយ

ដោយៈ ហ្វីអូណា

បាត់ដំបងៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សាខាខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (ធ.ស.ក) ជាធនាគារគោលនយោបាយ ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជន ដែលត្រូវការប្រើប្រាស់សេវាធនាគារឱ្យបានកាន់តែទូលំទូលាយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក បានបង្កើតសាខានៅខេត្តបាត់ដំបង និងបានរៀចំទីតាំងការិយាល័យសម្រាប់ដាក់ឱ្យដំណើរការ ប្រតិបត្តិការរួចរាល់ផងដែរ។

លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបញ្ជាក់ថា ការពិតការបង្កើតសាខាបន្ថែម គឺជាផែនការយុទ្ធសាស្ត្រ របស់ធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកបណ្តាញចែកចាយ ដែលជាចំណុចមួយដ៏សំខា​ន់ នៅក្នុងការតភ្ជាប់រវាងធនាគារ និងអតិថិជនរបស់ខ្លួន ដោយសម្រេចជ្រើសរើសយកខេត្តបាត់ដំបង សម្រាប់ការបើកសាខាលើកទី១របស់ខ្លួន។

លោកបន្តថា “ការជ្រើសរើសខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់ប្រទេ​សកម្ពុជា ជាពិសេសគឺវិស័យពាណិជ្ជកម្ម ឧស្សហកម្ម កសិកម្ម ជាងនេះទៀតនោះ គឺវិស័យសហគ្រាសធុនតូច និងមធ្យម រួមមានការកែច្នៃកសិផល សិប្បកម្ម និងផលិតកម្ម ជាដើម”។

លោកបានបញ្ជាក់ថា ធនាគារសហគ្រាសធុនតូច និងមធ្យម មានចរិតធនាគារជាគោលនយោបាយ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការ ជាធនាគារពាណិជ្ជតាំងពីឆ្នាំ២០២០ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញនូវសុទិ​ដ្ឋិ​និ​យមចំពោះ ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តបាត់ដំបង ដែលជាផ្នែកមួយ ដើម្បីធ្វើការឆ្លើយតបទៅនឹងផែនការទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។

ប៉ូលសេដ្ឋកិ​ច្ចទី៤របស់កម្ពុជា គ្របដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងគោលដៅអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។

ជាមួយគ្នានេះ បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវការគាំទ្រនិង អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលបានពង្រីកវិសាលភាពប្រតិបត្តិការ របស់ធនាគារនៅតាមបណ្តាខេត្ត ជាពិសេសក្នុងខេត្តបាត់ដំបង នាពេលនេះ ។

ចាប់តាំងពីការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រហូតមកដល់នឹងពេលនេះ ដោយផ្អែកលើទិន្នន័យត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយបានបញ្ចប់នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងជំហានទី២ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូចនិងមធ្យមប្រមាណ២៨០០សហគ្រាស ដែលស្មើនឹងទំហំទឹកប្រាក់ សរុប៣៣០លានដុល្លាសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here