កម្ពុជានឹងទទួលបានទីផ្សារនាំចេញកាន់តែធំនៅតំបន់អឺរ៉ុប កណ្តាល និងអឺរ៉ុបខាងកើត

ដោយ: គង់ លាងហួរ

ភ្នំពេញ: សមាគម​ធុរកិច្ច​អឺរ៉ុប​​កណ្តាល និង​ខាងកើត(CEEBAC ) ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ជំរុញ​ការនាំចេញ ខណៈដែល​ទីផ្សារ​អឺរ៉ុប ​តំណាងឱ្យ​ប្រហែល​២០ភាគរយ ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។​

CEEBAC ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ ​កាលពី​ថ្ងៃទី​១១ ខែ​​ឧសភា ដែល​នឹង​ស្ថិតក្រោម​សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) ដើម្បី​បម្រើ​ជា​សាខា​នៅ​កម្ពុជា ដោយ​ចូលរួម​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សា​ហ​កម្ម​បារាំង​នៅ​កម្ពុជា សភា​ពាណិជ្ជកម្ម​អង់គ្លេស​នៅ​កម្ពុជា​ សមាគម​ធុរកិច្ច​អ៊ី​តា​លី​-​កម្ពុជា និង Benelux Cambodia​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tassilo Brinzer​ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប EuroCham​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ថា CEEBAC នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​អឺរ៉ុប​។

លោក​បន្តថា “អឺរ៉ុប​កណ្តាល និង​ខាងកើត គឺជា​តំបន់​កំណើនសេដ្ឋកិច្ច ​ប្រកប​ដោយ​នវានុវត្តន៍របស់​អឺរ៉ុប សម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និង​ការផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​កម្ពុជា​។

លោក​ថ្លែងថា​ “ការដាក់ឱ្យ​ដំណើរ​ការCEEBAC នឹងផ្តល់នូវ​វេទិកា​មួយ​ផ្សេងទៀត ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ រវាង​បណ្តសប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប និង​កម្ពុជា ព្រមទាំងផ្តល់ឱកាស​សម្រាប់​ការចូលរួម​ទ្វេរភាគី​បន្ថែមទៀត ​ជាមួយនឹង​ការគាំទ្រ​ពី ​EuroCham Cambodia​។

លោក Tomas Pokorny នាយក​ប្រតិបត្តិ​ Pi Pay និង​ជា​សហគ្រិន មកពី​សាធារណរដ្ឋ​ឆែក បានមានប្រសាសន៍ឱ្យដឹងថា “CEEBAC នឹង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​បង្កើន​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ រវាង​ប្រទេស​កំណើត​របស់លោកជាមួយកម្ពុជា​”។

លោក​ Pokorny លើកឡើង​ថា “ជាការ​ពិតណាស់ ការគាំទ្រ​របស់​រដ្ឋាភិបាល​គឺជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការគាំទ្រ​ផ្នែក​ពាណិជ្ជកម្ម​ ពី​ស្ថាប័នឯកជន​ផងដែរ​នោះ វា​មិន​ពិបាក​ក្នុង​ការកសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​នោះទេ​”។

លោក​ក៏​មើលឃើញ​ពីឱកាស​ ក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ជាពិសេស​ទឹកដោះគោ សាច់ ស្រា និង​ទំនិញ​ស្ងួត​។ លោក Tomas Pokorny បានលើកយកឧទាហរណ៍​មួយ​គឺ ស្រា​បៀរ Budweiser Budvar ដែលជា​ស្រា​បៀរ​របស់​ប្រទេស​ឆែក ដែល​បច្ចុប្បន្នកំពុង​ដាក់លក់​នៅតាម​ហាង​នានា​របស់​កម្ពុជា មួយផ្នែក​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ស្ថានទូត​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន KS Logistics​។

លោកបន្ថែមទៀតថា ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា បានធ្វើឱ្យ​ប្រទេស​នេះ ​ក្លាយជា​ដៃគូ​ដ៏មាន​សក្តានុពល​ខ្លាំង​ ហើយកម្ពុជា​អាច​ប្រែក្លាយទៅជា​ មជ្ឈមណ្ឌល​ពា​ណិ​ជ្ជ​កម្ម​សម្រាប់​តំបន់ និង​ដើរតួនាទី​កាន់តែ​សំខាន់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here