គិតត្រឹមខែមេសា ធនាគារSME ផ្តល់កម្ចីជាង៥៣លានដុល្លារដល់ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ចំនួន៣៤៦

ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារសហគ្រាសធុនតូច និងមធ្យមបានអនុម័តប្រាក់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ចំនួន៣៤៦ ដែលមានតម្លៃសរុប៥៣,៤៦លានដុល្លារ ឬស្មើនឹង៣៥,៦៤%នៃកញ្ចប់ថវិកាចំនួន១៥០លានដុល្លារ។

គិតត្រឹមថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៣នេះ ធនាគារ SME Bank បានអនុម័តកម្ចីហិរញ្ញប្បទានចំនួន២៩ភាគរយសម្រាប់សណ្ឋាគារ ២៥ភាគរយសម្រាប់ផ្ទះសំណាក់ ៣១ភាគរយសម្រាប់ភោជនីយដ្ឋាន និង១៥ភាគរយសម្រាប់គាំទ្រដល់អាជីវកម្មទេសចរណ៍ផ្សេងទៀត ខណៈសហគ្រិនជាស្ត្រីបានចូលរួមក្នុងការអភិវឌ្ឍន៍នៃឧស្សាហកម្មទេសចរណ៍រហូតដល់ទៅ៤១ភាគរយ។

លោក លឹម អូន នាយកប្រតិបត្តិនៃធនាគារ SME Bank បានមានប្រសាសន៍ថា “ចាប់តាំងពីគម្រោងនេះដំណើរការបានប្រហែលមួយឆ្នាំរួចមក ការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនទាក់ទងនឹងវិស័យទេសចរណ៍មកទល់ពេលនេះត្រូវបានពន្យារពេល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះហេតុផលសម្រាប់ការពន្យារពេលនេះ លោក លឹម អូន បានលើកឡើងពីកត្តាចំនួន៣ដែលរារាំងដល់វឌ្ឍនភាពនៃការវិនិយោគ រួមមាន ទី១: សហគ្រាសឧស្សាហកម្មទេសចរណ៍នៅតែស្ទាក់ស្ទើរក្នុងការវិនិយោគបន្ថែមទៀតសម្រាប់ការច្នៃ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដែលអាចជាមូលហេតុដំបូងនៃការពន្យារពេលហិរញ្ញប្បទាន។ ទី២ វិនិយោគិនក្នុងឧស្សាហកម្មទេសចរណ៍ជឿជាក់ថាសេដ្ឋកិច្ច និងការរស់ឡើងវិញនៃវិស័យនេះមិនមានស្ថិរភាពទេ។ ទី៣:  វាប្រហែលជាមិនអាចបង្កើតប្រាក់ចំណូលបានច្រើនទេនៅពេលនេះទេ។

លោកបានបន្តថា “កត្តាមួយផ្សេងនោះទៀតគឺថាស្ថាប័នធនាគារបច្ចុប្បន្នកំពុងជួបប្រទះនឹងការកើនឡើងថ្លៃ ដើមដែលរឹតបន្តឹងនិងបង្កើនភាពតឹងរ៉ឹងនៃការផ្តល់ប្រាក់កម្ចីខណៈប្រព័ន្ធហិរញ្ញប្បទានសកលកំពុងបង្ហាញពីភាពតានតឹងដ៏សន្ធឹកសន្ធាប់”។

ទន្ទឹមនឹងនេះការដួលរលំនៃធនាគារអាមេរិកក៏បានជះផលប៉ះពាល់ ដល់មនោសញ្ចេតនារបស់ធនាគារមួយចំនួននៅកម្ពុជាផងដែរ។ នេះជាហេតុផលដែលធនាគារមួយចំនួននៅកម្ពុជាមានការប្រុងប្រយ័ត្នជាខ្លាំង ក្នុងការផ្តល់ប្រាក់កម្ចីជាពិសេសក្នុងវិស័យអាជីវកម្ម ដែលមានហានិភ័យខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here