តម្លៃមាសអន្តរជាតិនៅតែមានសន្ទុះខ្លាំងខណៈផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ទុះងើបឡើងវិញកាលពីថ្ងៃចន្ទ ហើយភាគហ៊ុនអាស៊ីបានហក់ឡើងថ្លៃ ខណៈអ្នកវិនិយោគបានរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចមានឥទ្ធិពលលើគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក (Fed) ។

តម្លៃមាសបានកើនឡើងខ្ពស់កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រាក់ដុល្លារបានធ្លាក់ថ្លៃ ដោយតម្លៃមាស spot gold បន្តស្ថិតនៅលើសពី២.០២០ដុល្លារក្នុងមួយអោន នៅពេលរសៀល ចំណែក មាសរបស់អាមេរិកUS gold futuresក៏បានកើនឡើង០,២% ដល់២០២៩,៣ដុល្លារក្នុងមួយអោនផងដែរ។

លោក Jitti Tangsithpakdi ប្រធានសមាគមពាណិជ្ជករមាសបានមានប្រសាសន៍ថា “តម្លៃមាសក្នុងស្រុកថៃក៏ ឡើងថ្លៃ១៥០បាតដែរចំណែកតម្លៃមាសអន្តរជាតិបានឡើងថ្លៃ៥ដុល្លារក្នុងមួយអោនខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា “តម្លៃមាសមាននិន្នាការប្រែប្រួលបន្តិចក្នុងរយៈពេលខ្លី ចំពេលមានការព្រួយបារម្ភអំពីបញ្ហានៅក្នុងឧស្សាហកម្មធនាគាររបស់សហរដ្ឋអាមេរិក”។

លោក Jitti Tangsithpakdi បានបន្ថែមថា “តម្លៃមាសត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ប្តូរនៅជុំវិញតម្លៃចាប់ពី១.៩៩០ដុល្លារដល់២.០២៥ដុល្លារ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ”។

នៅទូទាំងពិភពលោក វិនិយោគិនកំពុងរង់ចាំការចេញផ្សាយទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) ដែលនឹងត្រូវកំណត់នៅថ្ងៃស្អែក រួមជាមួយនឹងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) និងទំនុកចិត្តអ្នកប្រើប្រាស់។

លើសពីនេះ ក្រុមពាណិជ្ជករក៏កំពុងឃ្លាំមើលការវិវឌ្ឍន៍ជុំវិញពិដានបំណុលរបស់សហរដ្ឋអាមេរិកយ៉ាងប្រុងប្រយ័ត្នផងដែរ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអាទិត្យបានចេញការព្រមានយ៉ាងមុតមាំថា ការបរាជ័យដោយសភាក្នុងការធ្វើសកម្មភាពលើពិដានបំណុលអាចបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here